(បាងកក)៖ ក្រុមអ្នកជួយសង្រ្គោះថៃ​មួយក្រុម​ បានរកឃើញប្រហោង​ផ្លូវមួយដ៏សំខាន់ នៅក្នុងប្រតិបត្តិការ​តាមស្វែងរក និងជួយសង្រ្គោះ​កីឡាករវ័យក្មេង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ​ម្នាក់ដែលបានបាត់ខ្លួន នៅក្នុងរូងភ្នំថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) តាំងតែពី​ថ្ងៃសៅរ៍​សប្ដាហ៍មុន។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមអ្នកជួយសង្រ្គោះបានចូល​ទៅក្នុង ច្រករូងផ្លូវ​ខាងលើ​ក្នុងជម្រៅ ១១ម៉ែត្រ មុននឹងគេជឿជាក់ថា ពួកគេនឹងត្រូវមុជ​ទឹកបន្តនៅ​ជម្រៅ ១១ម៉ែត្រ​បន្ថែមទៀត។ ប៉ុន្តែអ្វីដែលគួរ​ឱ្យកត់សម្គាល់ នោះគឺការរកឃើញប្រហោង​ផ្លូវនេះ កំពុងផ្ដល់ក្ដី​សង្ឃឹមថា ក្រុមអ្នកជួយ​សង្រ្គោះអាចនឹង​រកឃើញផ្លូវចូល​ទៅដល់ទីតាំង ដែលអ្នកទាំង ១៣នាក់ កំពុងជាប់គាំង ខណៈក្រុមអ្នកជំនាញ​មកពី​សហរដ្ឋអាមេរិក អង់គ្លេស និងចិន កំពុងជួយដល់​ប្រតិបត្តិការ​ជួយសង្រ្គោះ។

គួរបញ្ជាក់ថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់​មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់​​ បានបាត់ខ្លួន​យ៉ាង​​អាថ៌កំបាំង តាំងតែ​ពីថ្ងៃសៅរ៍​សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយ​សង្រ្គោះ​ជឿជាក់ថា អ្នកទាំងនេះកំពុង​ជាប់​នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំ វែងជាង​គេបំផុតទី០៤ របស់ថៃ។ ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ​ ហើយគ្រូបង្វឹកបាល់ទាត់​របស់ពួកគេមាន​អាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាក​ចេញពីរូងភ្នំនេះបាន​ឡើយ នៅមុនពេលមាន​ទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់​ខ្លាំង ។

លើសពីនេះទៅទៀត បើតាមប្រវត្តិនៃរូបភាព​របស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់​ទៅកាន់​ទីនោះកាលពីចុងឆ្នាំ២០១៦ ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់​នឹងយប់​ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការជួយ​សង្គ្រោះនៅតែបន្ត​ដដែល ហើយមិនទាន់​មានតម្រុយអ្វីគួរ​ឲ្យកត់សម្គាល់នោះ​ឡើយ ដោយគ្រាន់តែ​ក្រុមសង្គ្រោះ បានឃើញដានជើងមនុស្ស​មួយ ដែល​គេជឿជាក់ថា ជាសមាជិកមួយ​ក្នុង​ចំណោម ១៣នាក់៕​