(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតវ៉ា​ប្រមាណជាង ៦០០នាក់ ដោយភាគ​ច្រើនជាស្រ្តី ត្រូវបានប៉ូលិស​ចាប់ឃាត់ខ្លួន នៅអំឡុងការបាតុកម្មប្រឆាំង​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍ ដែលពុំមានការ​អត់ឱន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯអគារព្រឹទ្ធសភា​អាមេរិក។ នេះបើ​តាមការដក​ស្រង់ការផ្សាយចេញ​ពី​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

​បើតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកអាមេរិក កម្លាំងប៉ូលិស​ប្រចាំវិមានកាពីតូល (Capitol) បានធ្វើការចាប់ឃុំខ្លួន​មនុស្សចំនួន ៥៧៥នាក់ ហើយចោទប្រកាន់​​ពីបទធ្វើសកម្មភាព​ប្រឆាំងតវ៉ាដែល​ផ្ទុយពីច្បាប់។ ដោយឡែកក្រុមអ្នករៀបចំការតវ៉ានេះវិញ បានប៉ាន់​ប្រមាណចំនួន​​មនុស្សដែលត្រូវ​បាន​​ឃាត់​ខ្លួនថា គឺប្រហែល ៦៥០នាក់។ ម៉្យាងវិញទៀត​នៅថ្ងៃសៅរ៍សប្តាហ៍នេះ ការធ្វើបាតុកម្មទ្រង់ទ្រាយធំ​ទូទាំងប្រទេស ក៏ត្រូវបាន​គ្រោង​នឹង​ធ្វើ​ឡើងផងដែរ ដើម្បីសម្តែងការ​ប្រឆាំងនឹង​​នយោបាយ​អន្តប្រវេសន៍របស់​លោក ដូណាល់ ត្រាំ។

គួរជម្រាបថា នៅក្រោមគោល​នយោបាយគ្មានការអត់ឱន​របស់លោក ត្រាំ ក្មេងៗជាង ២,០០០នាក់ ត្រូវបានបំបែកចេញ​ពី​ក្រុមគ្រួសាររបស់​​ពួកគេ ដែលបានលួចចូល​មកក្នុងទឹកដី​សហរដ្ឋអាមេរិក ដោយខុសច្បាប់ ខណៈ​នយោបាយនេះ បានបង្កឲ្យផ្ទុះ​ការរិះគន់ទាំងនៅក្នុងស្រុក​ និងពីសំណាក់អន្តរជាតិ រហូតបង្ខំឲ្យរដ្ឋបាល​លោក ដូណាល់ ត្រាំ ផ្អាកការអនុវត្តមួយរយៈ ប៉ុន្តែស្ថានការណ៍​នៅតែមិនទាន់​ចុះត្រជាក់នោះ​ឡើយ៕