(កាណាដា)៖ រដ្ឋមន្ត្រីការបរទេស​កាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) នឹងប្រកាសពីការ​សម្រេចចិត្តចុង​ក្រោយ របស់រដ្ឋាភិបាល​លោកស្រីក្នុងពេល​ឆាប់ៗនេះ ស្ដីពីការចាត់​វិធានការ​សងសឹក​ នឹងការដំឡើងពន្ធ​ពីសំណាក់​សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រី Freeland ត្រូវបាន​គេរំពឹងថា នឹងបង្ហាញពីបញ្ជីឈ្មោះ​ផលិតផលអាមេរិក​ ដែលនឹងត្រូវជាប់​កាតព្វកិច្ចដំឡើងពន្ធ ១០ភាគ​រយ ចាប់ពីថ្ងៃទី០១ ខែកក្កដា​តទៅ។ ការដំឡើងពន្ធនេះ​ គឺជាផ្នែកមួយនៃការ​ចាត់វិធានាការ​ឆ្លើយតប​ គិតជាទឹកប្រាក់​ប្រមាណជា ១២ពាន់​លានដុល្លារ លើការនាំ​ចូលដែក អាលុយមីញ៉ូម និងផលិតផលដទៃ​ទៀតពីសហរដ្ឋអាមេរិក ជាការសងសឹក​នឹងការដំឡើង​ពន្ធ ២៥ភាគរយ​លើដែក និង១០ភាគរយ​លើអាលុយមីញ៉ូម ដែលនាំចូល​ពីកាណាដា ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ទន្ទឹមគ្នាគំរោង​ប្រកាសពីការដំឡើង​ពន្ធនេះ រដ្ឋាភិបាលសហព័ន្ធ​កាណាដា​ក៏បាន និងកំពុងប្រឹក្សាយោបល់​លើបញ្ជី​ឈ្មោះ ផលិតផល​អាមេរិក​ ដែលត្រូវដំឡើងពន្ធផងដែរ​ក្នុងនោះមានដូចជា​ ស្រាវីស្គី សូកូឡា ភីហ្សា និងម៉ូទ័រ​ទូកជាដើម៕