|(បាងកក)៖ មកដល់ខ្ទង់​​ម៉ោង ១០៖០០នាទីយប់​​ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​​ត្រូវបានផ្អាកជា​បណ្តោះ​អាសន្ន ខណៈភ្លៀងធ្លាក់​​យ៉ាងសន្ធប់​បានកើតមាន​ឡើង​នាំឲ្យទឹកចាប់​ផ្តើមជោរជន់មកវិញ​រឹងតែខ្លាំង នៅ​​តំបន់រូងភ្នំ ថាមលួង ក្នុងខេត្តឈៀងរ៉ៃ ដែលក្មេង១២នាក់ និងគ្រូបង្វឹកម្នាក់​កំពុងជាប់ខ្លួននោះ ។ នេះបើតាម​ការចេញផ្សាយ​ដោយ Bangkok Post នៅមុននេះ​បន្តិច​នាយប់​ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ខណៈនេះឧបករណ៍រុករក ខួង និងបូមទឹកត្រូវបានយកចេញ​ពីរូងភ្នំសិន ដោយត្រូវរង់ចាំ​កម្រិតទឹកជំនន់​ស្រកចុះ ទើបប្រតិបត្តិការសង្គ្រោះអាច​បន្តទៅទៀតបាន។

សមាជិកកីឡាករ​ដែលមានគ្នាក្មេងៗ ១២នាក់ (អាយុពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ) និងគ្រូបង្វឹក​ម្នាក់អាយុ ២៥ឆ្នាំ ខាងលើនេះបានបាត់​ខ្លួននៅក្នុងរូងភ្នំ​ខាងលើនេះ អស់រយៈ០៥ថ្ងៃមកហើយ ដោយក្រុមអ្នក​ជំនាញជឿជាក់​ថា ពួកគេបានរុលចូល​យ៉ាងជ្រៅ ទៅក្នុងរូងភ្នំដែល​មានជម្រៅ ១០គីឡូម៉ែត្រនេះ ដោយសារតែផ្លូវដែលពួកគេ​ត្រូវចេញមកវិញ ត្រូវបានទឹកលិច​ក្រោយភ្លៀង​ធ្លាក់ខ្លាំង។

សម្រាប់ក្រុមសង្គ្រោះ​មានទាំងក្នុងស្រុក និងមក​ពីអង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក​នៅតែបន្តធ្វើការ​ស្វែងរកវិធីជួយ​សង្គ្រោះ ខណៈនាយករដ្ឋមន្ត្រីថៃ​លោក​ ប្រាយុទ្ធ ចាន់អូចា កាលពីល្ងាច​មិញនេះ ក៏បានចុះទៅដល់​កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីពិនិត្យសកម្មភាព​ជួយសង្គ្រោះ និងលើកទឹកចិត្ត​សមាជិកក្រុមគ្រួសារ​នៃមនុស្ស​ទាំង ១៣នាក់ ដែល​កំពុងតែ​ជួបទុក្ខ​លំបាក​នាគ្រា​នោះ។

គួរបញ្ជាក់ថា បើតាមប្រវត្តិនៃរូបភាព​របស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់​ទៅកាន់​ទីនោះ កាលពីចុងឆ្នាំ២០១៦ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់​នឹងយប់​ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការជួយ​សង្គ្រោះនៅតែបន្ត​ដដែល ហើយមិនទាន់​មានតម្រុយអ្វីគួរ​ឲ្យកត់សម្គាល់នោះ​ឡើយ ដោយគ្រាន់តែ​ក្រុមសង្គ្រោះ បានឃើញដានជើងមនុស្ស​មួយ ដែល​គេជឿជាក់ថា ជាសមាជិកមួយ​ក្នុង​ចំណោម ១៣នាក់ ប៉ុណ្ណោះ៕