(បាងកក)៖ សហរដ្ឋអាមេរិក​នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបញ្ជូនក្រុមអ្នកជំនាញ​ មកពីទីបញ្ជាកងនាវា​អាមេរិកប្រចំាតំបន់​ប៉ាស៊ីហ្វិក ឱ្យ ទៅចូលរួមក្នុងប្រតិបត្តិការ​តាមស្វែងរកមនុស្សទាំង ១៣នាក់​ ដែលបានបាត់​ខ្លួនយ៉ាងអាថ៌កំបាំង​ នៅក្នុងរូងភ្នំមួយកន្លែង​មានឈ្មោះថា ម៉ែសៃ (Mae Sai) នៅក្នុងខេត្ត ឈៀងរ៉ៃ (Chiang Rai)។ នេះបើតាមស្ថានទូត​អាមេរិកប្រចាំទីក្រុង​បាងកក ដកស្រង់ដោយ​សារព័ត៌មាន The Nation ​នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ស្ថានទូតអាមេរិក​បានបង្ហាញពី​ការព្រួយបារម្ភរ​បស់ខ្លួនយ៉ាងខ្លាំង ចំពោះការបាត់​ខ្លួនរបស់ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​របស់ពួកគេម្នាក់ នៅក្នុងរូងភ្នំ ម៉ែសៃ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិត ភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូង ភ្នំវែងជាង​គេបំផុតទី០៤ របស់ថៃ។ ស្ថានទូរអាមេរិក បានលើកឡើងដូច្នេះថា «ទីបញ្ជាការកង​នាវាអាមេរិកប្រចាំ​តំបន់ប៉ាស៊ីហ្វិក បានបញ្ជូនក្រុមអ្នក​ជំនាញរបស់ខ្លួន តាមសំណើពីរដ្ឋាភិបាលថៃ ហើយពួកគេ បានទៅ​ដល់ខេត្ត Chiang Rai ដើម្បីចូលរួម​ក្នុងប្រតិបត្តិការ​ជួយសង្រ្គោះ»

គួររំលឹកថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់​មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់​​ បានបាត់ខ្លួន​យ៉ាង​​អាថ៌កំបាំង តាំងតែ​ពីថ្ងៃសៅរ៍​សប្តាហ៍មុនមកម្ល៉េះ។ ក្រុមអ្នកជួយ​សង្រ្គោះ​ជឿជាក់ថា អ្នកទាំងនេះកំពុង​ជាប់​នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូង ភ្នំវែងជាង​គេបំផុតទី០៤ របស់ថៃ។ ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ​ ហើយគ្រូបង្វឹកបាល់ទាត់​របស់ពួកគេមាន​អាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាក​ចេញពីរូងភ្នំនេះបាន​ឡើយ នៅមុនពេលមាន​ទឹកជន់លិចដោយសារតែ ភ្លៀងធ្លាក់​ខ្លាំង ដែលកំពុងបង្កការរំខានដល់ក្រុម​អ្នកជួយសង្រ្គោះ។

ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់​លម្អិតពីទីតាំងស្ថិតនៅ របស់អ្នកបាត់​ខ្លួនទាំងអស់ក្នុងរូងភ្នំ​​នៅឡើយទេហើយក៏ មិនមានការអះអាងថា ពួកគេនៅ​មានជីវិត ស្របពេល​នាយករដ្ឋមន្រ្តី​ថៃ កំពុងធ្វើដំណើរទៅកាន់ ទីកន្លែងកើតហេតុ​នៅល្ងាចនេះ។ បន្ថែមពីនេះទៀត អ្នកមុជទឹកក៏បានរកឃើញទ្រព្យសម្បត្តិ​មួយចំនួន​ផងដែររបស់ក្មេងៗ​ទាំងនោះ​ដូចជាមួកជាដើម ខណៈព្រះសង្ឃ​កំពុងសូត្រមន្ត​រំដោះគ្រោះ និងក្រុមគ្រួសារ​អ្នកបាត់ខ្លួន​កំពុងរង់ចាំ​ ហើយបួងសួង​តាមអបិយ​ជំនឿរបស់ជនជាតិ​ថៃ ទាំងទឹកភ្នែកស្ទើរគ្រង់ៗគ្នា៕