(បាងកក)៖ អាជ្ញាធរថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងនៃកម្រិតទឹកបានបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងរកក្មេង ជំទង់១២នាក់ ដែលជាកីឡាករបាល់ទាត់​មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់​របស់ពួកគេម្នាក់ ដែលបានបាត់ ខ្លួន​យ៉ាង​​អាថ៌កំបាំង តាំងតែ​ពីថ្ងៃសៅរ៍​សប្តាហ៍មុនមកម្ល៉េះ ក្នុងរូបភ្នំមួយស្ថិតនៅភាគជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរថៃ ការបូមទឹកចេញពីរូងភ្នំថាមលួង ណាង ណុន​ ត្រូវបានផ្អាកហើយផ្លូវចូលត្រូវទឹកជន់លិច រីឯអ្នកមុជទឹកក៏ត្រូវ បង្ខំចិត្តផ្អាកការស្វែងរករបស់ពួកគេជាបណ្ដោះអាសន្នផងដែរ។ ចំណែកឯ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះនៅតែបន្តបន់ស្រន់ ព្រះនៅខាងក្រៅរូងភ្នំ និងដើម្បីរង់ចាំស្ដាប់ព័ត៌មានថ្មីៗ ខណៈប្រតិបត្តិការជួយសង្រ្គោះគឺកំពុងផ្ដោតសំខាន់លើការស្វែងរកផ្លូវថ្មី ជាមួយការជីកប្រហោងចូលទៅក្នុងរូងភ្នំ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតពីទីតាំងស្ថិតនៅរបស់អ្នកបាត់ខ្លួន ទាំងអស់ក្នុងរូងភ្នំនៅឡើយទេ ហើយក៏មិនមានការអះអាងថាពួកគេនៅមានជីវិត ស្របពេលនាយករដ្ឋមន្រ្តីថៃនឹងធ្វើដំណើរទៅកាន់ ទីកន្លែងកើតហេតុនៅល្ងាចនេះ។

គួររំលឹកថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់​មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់​​ បានបាត់ខ្លួន​យ៉ាង​​អាថ៌កំបាំង តាំងតែ​ពីថ្ងៃសៅរ៍​សប្តាហ៍មុនមកម្ល៉េះ។ ក្រុមអ្នកជួយ​សង្រ្គោះ​ជឿជាក់ថា អ្នកទាំងនេះកំពុង​ជាប់​នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូង ភ្នំវែងជាង​គេបំផុតទី០៤ របស់ថៃ។ ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ​ ហើយគ្រូបង្វឹកបាល់ទាត់​របស់ពួកគេមាន​អាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាក​ចេញពីរូងភ្នំនេះបាន​ឡើយ នៅមុនពេលមាន​ទឹកជន់លិចដោយសារតែ ភ្លៀងធ្លាក់​ខ្លាំង ដែលកំពុងបង្កការរំខានដល់ក្រុម​អ្នកជួយសង្រ្គោះ។

ដោយឡែក យោធាថៃក៏បានដាក់ពង្រាយទាហានរបស់ខ្លួនច្រើនជាង ១,០០០នាក់ ឱ្យទៅជួយក្រុមអ្នកជួយសង្រ្គោះផងដែរ ខណៈ ការបាត់ខ្លួន​របស់ជងរងគ្រោះ​បានឈានចូលដល់ថ្ងៃទី០៥ហើយ។ មួយវិញទៀត ក្រុមអ្នកជំនាញរុករកក្រោមល្អាងភ្នំបីនាក់មកពី អង់គ្លេសដែលមក ដល់ប្រទេសថៃកាលពីថ្ងៃពុធ រួមទាំងក្រុមកាម្ម៉ង់ដូពិសេសអាមេរិក SEAL ក៏កំពុងចូលរួមក្នុងប្រតិបត្តិការជួយ សង្រ្គោះនេះ ដែរ ជាមួយក្ដីរំពឹងថាអាចនឹងរកឃើញអ្នកបាត់ខ្លួនទាំងនោះ៕