(បាងកក)៖ អាជ្ញាធរថៃ​បានឱ្យដឹងថា ក្រុមអ្នកជំនាញរុករក​ក្រោមរូងភ្នំ​បីនាក់ មកពីអង់គ្លេស កំពុងចូលរួមក្នុង​ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែង​រកក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួក​គេម្នាក់ (សរុបចំនួន ១៣នាក់) ​ដែលបានបាត់ខ្លួន​យ៉ាង​​អាថ៌កំបាំង​ក្នុងរូងភ្នំមួយ តាំងតែពីថ្ងៃសៅរ៍​​មកម្ល៉េះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន The Nation​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់​មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់​របស់ពួកគេម្នាក់​​ បានបាត់ខ្លួន​យ៉ាង​​អាថ៌កំបាំង តាំងតែ​ពីថ្ងៃសៅរ៍​សប្តាហ៍មុនមកម្ល៉េះ រីឯក្រុមអ្នកជួយ​សង្រ្គោះ​ជឿជាក់ថា អ្នកទាំងនេះកំពុង​ជាប់​នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូងភ្នំវែងជាង​គេបំផុតទី០៤ របស់ថៃ។

ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ​ ហើយគ្រូបង្វឹកបាល់ទាត់​របស់ពួកគេមាន​អាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាក​ចេញពីរូងភ្នំនេះបាន​ឡើយ នៅមុនពេលមាន​ទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់​ខ្លាំង ដែលកំពុងបង្កការរំខានដល់ក្រុម​អ្នកជួយសង្រ្គោះ។

ប៉ុន្តែយ៉ាងណា មកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើង ដោយរដ្ឋមន្ត្រីមហាផ្ទៃថៃផ្ទាល់ លោក អនុពង្ស ផាវចិន្តា (Anupong Paochinda) បានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះ​កំពុងចាប់ផ្តើមជីកប្រហោង​មួយចូលទៅកាន់រូងភ្នំ ដើម្បីចូលទៅដល់ កន្លែងអ្នកបាត់ខ្លួន។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញរុករកក្រោមល្អាងភ្នំបីនាក់ មកពីអង់គ្លេស ដែលមកដល់ប្រទេសថៃកាលពី ថ្ងៃពុធ រួមទាំងក្រុមកុម្ម៉ង់ដូពិសេសអាមេរិក SEAL ក៏កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះដែរ ជាមួយក្ដីរំពឹងថាអាចនឹង រកឃើញអ្នកបាត់ខ្លួនទាំងនោះ។

គួរបញ្ជាក់ថា យោធាថៃ ក៏បានដាក់ពង្រាយទាហានរបស់ខ្លួនច្រើនជាង ១,០០០នាក់ ឱ្យទៅជួយក្រុមអ្នកជួយសង្រ្គោះទាំង ១២ក្រុម ផងដែរខណៈការបាត់ខ្លួន​របស់ជងរងគ្រោះ​ បានឈានចូលដល់ថ្ងៃទី០៥ហើយ៕