(វ៉ាស៊ីនតោន)៖ កងកម្លាំងទ័ព​អាកាសអាមេរិក កំពុងសម្លឹងមើល​ពីលទ្ធភាពក្នុងការបំពាក់​ម៉ែគ្រាប់បែក ឬ MOAB (Mother Of All Bombs) លើយន្ដហោះទម្លាក់​គ្រាប់បែក B-52 ក្រោយទីក្រុងវ៉ាស៊ីនតោន​បានទម្លាក់គ្រាប់បែក​មួយនេះ ជាលើកដំបូងលើមូលដ្ឋាន​របស់ក្រុម ISIS នៅប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ឆ្នាំ២០១៧។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។

Sputnik ផ្អែកលើរបាយការណ៍​មួយ ដែលខ្លួនយកមកចុះផ្សាយបន្ត​បានឱ្យដឹងថា កងកម្លាំងទ័ពអាកាស​អាមេរិក កំពុងស្វះស្វែង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធនឹងបច្ចេកវិទ្យា​ចាំបាច់ទាំងឡាយ​ ដែលតម្រូវ​ក្នុងការអភិវឌ្ឍ​ក៏ដូចជាអាចបំពាក់​ម៉ែគ្រាប់បែក លើយន្ដហោះទម្លាក់​គ្រាប់បែក B-52 ដ៏ល្បីល្បាញរាប់ទសវត្សរ៍របស់អាមេរិក។

ប៉ុន្តែរបាយការណ៍នេះ​ដដែល មិនបានបញ្ជាក់អ្វីលម្អិត​បន្ថែមទៀតនោះទេ​ជាពិសេស គឺទៅលើចេតនាបំពាក់នេះ ក្រៅតែពីគេដឹងថា ផែនការនេះត្រូវ​បានគេទម្លាយ​បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិក​ប្រើយន្ដហោះ C-130 ទម្លាក់ម៉ែគ្រាប់បែក​ជាលើកដំបូងក្នុង​សង្រ្គាមប្រយុទ្ធប្រឆាំង​នឹងក្រុម ISIS នៅប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ម៉ែគ្រាប់បែក គឺជាគ្រាប់បែកមិនមែន​នុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុត​របស់សហរដ្ឋអាមេរិក ដែលមាន​កម្លាំងផ្ទុះស្មើហ្នឹងម្សៅជាតិផ្ទុះ TNT ១១តោន។ ប៉ុន្តែកម្លាំង​ផ្ទុះនេះ នៅតិចជាងឪគ្រាប់បែក​របស់រុស្ស៊ីប្រហែល ០៤ដង៕