(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃចន្ទនេះ បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe យ៉ាងកក់ក្ដៅ នាឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ខណៈទំាងបារាំង និងចិនសុទ្ធតែកំពុងមានភាព តានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជុំវិញរឿងតម្លើងពន្ធលើដែកថែប និងអាលុយអាមីញ៉ូម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនាឱកាសទទួលស្វាគមន៍ លោក Philippe លោក ស៊ី បានសរសើរពីភាពជាដៃយុទ្ធសាស្ត្រដ៏ល្អរវាងចិន និងបារាំង ហើយលោក ថែមទាំងអំពាវនាវឱ្យមានការកសាងទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងប្រទេសទាំងពីរ ស្របពេលទីក្រុងប៉េកាំង ចង់ឱ្យបារាំងចូលរួមក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចខ្សែក្រវ៉ាត់ និងផ្លូវដើម្បីជម្រុញឱ្យចិន និងសហភាពអឺរ៉ុបកាន់តែមានភាពស្និទស្នាល។ ​
ដោយឡែក ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីបារាំង ក៏បានបញ្ជាក់ផងដែរថា បារាំងមានបំណងបន្តទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងការផ្ដោះប្ដូរពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យថាមពលនុយក្លេអ៊ែរ ទីអវកាស និងវិស័យ ដទៃទៀតជាមួយចិន។

គួរបញ្ជាក់ថា លោក Edouard Philippe បានបំពេញដំណើរទស្សកិច្ចរយៈពេល០៤ថ្ងៃ មកកាន់ប្រទេសចិន ដោយចាប់ផ្ដើមតាំងតែ ពីថ្ងៃសុក្រសប្ដាហ៍មុនមកម្លេះ ហើយវាត្រូវបានឡើងនៅក្នុងបរិបទដែលសហភាពអឺរ៉ុប និងចិនកំពុងប្រឈមនឹងសង្រ្គាមពាណិជ្ជកម្ម របស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Philippe ភាគីចិនបានព្រមព្រៀងថានឹងបើកកិច្ចពិភាក្សាមួយស្ដីពីការបញ្ជាទិញយន្ដហោះរបស់ក្រុមហ៊ុនអឺរ៉ុប Airbus ហើយមិនតែប៉ុណ្ណោះ លោក ស៊ី ផ្ទាល់បានអះអាងថា ទីក្រុងប៉េកាំង និងទីក្រុងប៉ារីសគួរតែរក្សាពាណិជ្ជកម្មពហុភាគី ព្រមទាំងការពារបទដ្ឋានពិភពលោក៕