​(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Wall Street Journal បានឱ្យដឹងថា ក្រសួងរតនាគារជាតិ​អាមេរិក កំពុងបង្កើត​ច្បាប់មួយ​ដែលមាន គោលបំណងរារាំងក្រុមហ៊ុនមាន​ភាគហ៊ុនចិន​យ៉ាងហោចណាស់ ២៥ភាគរយ ពីការទិញ​ក្រុមហ៊ុន​អាមេរិក នៅក្នុងវិស័យ​ឧស្សហកកម្ម​បច្ចេកវិទ្យាសំខាន់ៗ​មួយចំនួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ផ្អែកលើប្រភពដឹងពី​ច្បាប់ថ្មីនេះ​ដែលខ្លួនទទួល​បាន Wall Street Journal បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាសន្ដិសុខជាតិ​អាមេរិក និង​ក្រសួង​ពាណិជ្ជកម្ម ក៏កំពុងរៀបចំផែនផងដែរក្នុងការទប់ស្កាត់​ កុំឱ្យមានការលួច​ផ្ទេរបច្ចេកវិទ្យា​អាមេរិក ទៅកាន់​ប្រទេសចិន។ មិនតែ​ប៉ុណ្ណោះ​គំរោងនេះ ត្រូវបានគេរំពឹងថា នឹងប្រកាស​ក្នុងពេល​ឆាប់ៗនេះ ប៉ុន្តែគេមិនទាន់​ដឹងនៅឡើយទេថា តើក្រុមហ៊ុន​អាមេរិកអាច​នឹង មានឱកាស​បញ្ចេញ​យោបល់ មុននឹងច្បាប់ថ្មីនេះ​ចូលជាធរមាន ឬយ៉ាងនៅ​ឡើយ​ទេ។

គួរបញ្ជាក់ថា បើតាម Wall Street Journal គំនិតផ្ដួចផ្ដើមខាង​លើ​ត្រូវបាន​បង្កើតឡើង ក្រោយប្រព័ន្ធ​​ផ្សព្វផ្សាយ​អាមេរិក​ចុះផ្សាយថា ទិន្នន័យ​សំងាត់ ៦១៤ gigabytes ស្ដីពីគំរោង​​អភិវឌ្ឍន៍មីស៊ីល supersonic ប្រឆាំង​នាវាមុជទឹក ដែលគ្រោង​នឹងត្រូវបំពាក់​លើនាវាមុជទឹក ​នៃកងនាវាអាមេរិក​​នៅឆ្នាំ២០២០ ត្រូវបាន​ក្រុម Hackers ចិនលួច​​យកទៅ។

លើសពីនេះ​ទៅទៀត​ វាក៏មានគោលបំណងផងដែរ ដើម្បីបំផ្លាញផែនការ​យុទ្ធសាស្រ្ត «Made in China 2025» របស់ចិនដែល​តាមរយៈយុទ្ធសាស្ត្រ​នេះ ទីក្រុងប៉េកាំង​ចង់ក្លាយ ជាប្រទេសឈាន​មុខគេក្នុង​វិស័យ​សំខាន់ៗចំនួន ១០ ក្នុងនោះរួមមាន​ទាំងបច្ចេកវិទ្យា​មនុស្សយន្ដ ស្រាវជ្រាវអវកាស និង​ថាមពលរថយន្ដ​ដែលគ្មានការបំពុលដល់​បរិស្ថានជាដើម ហើយដែលអាមេរិកធ្លាប់សម្តែងក្តីមិនពេញចិត្តជាខ្លាំង ព្រោះវានឹងបង្ក​បញ្ហាដល់សេដ្ឋកិច្ច​អាមេរិក និងប្រទេស​នានា៕