(អង់ការ៉ា)៖ ទីបំផុតប្រធានាធិបតីតួកគីកំពុងកាន់អំណាច លោក រេសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) ត្រូវបានគេប្រកាស​ជាផ្លូវការថា បានទទួលជ័យ​ជម្នះនៅក្នុង​ការបោះឆ្នោត​ ជ្រើសរើសប្រធានាធិបតី​ក្នុងជុំទីមួយ​តែម្តង ប៉ុណ្ណោះ ដោយពុំចាំបាច់​មានការបោះឆ្នោត​មួយជុំទៀតឡើយ ព្រោះលោកទទួល​បាន​សំឡេងគាំទ្រច្រើន​ជាងពាក់កណ្តាល​ នៃចំនួន​សន្លឹកឆ្នោត​សរុប ដែលអាចនិយាយបាន​ថា ជាសំឡេងភាគច្រើនលើសលប់។ នេះបើតាម​ការបញ្ជាក់ពីប្រធាន​ស្ថាប័នរៀបចំ​ការបោះឆ្នោត​តួកគី ដកស្រង់​ខ្លឹមសារដោយ​សារព័ត៌មាន​ចិន CGTN នៅរសៀល​ថ្ងៃ​ចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន​ នៅឯទីក្រុងអង់ការ៉ា លោក សាឌី ហ្គូវិន (Sadi Guven) ប្រធានគណៈកម្មាធិការ​រៀបចំការបោះឆ្នោត​ នៃប្រទេសតួកគី​​បាន​ឲ្យដឹងថា ប្រធានាធិបតី លោក Erdogan ទទួលបាន​សំឡេងភាគច្រើនដាច់​ខាត នៃសន្លឹកឆ្នោត​ផ្លូវការទាំងអស់ ប៉ុន្តែមិនបាន​បញ្ជាក់លម្អិត​ ឬ​ផ្តល់តួលេខ​ជាក់លាក់ នៅក្រោយការ​បោះឆ្នោត កាល​ពីថ្ងៃអាទិត្យនោះ​ទេ។

ជាមួយគ្នានេះ បើតាមលទ្ធផល​ដែលចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន​រដ្ឋតួកគី Anadolu ដែលផ្អែកលើ​ទិន្នន័យបាន​មកពីគណៈកម្មាធិការ​​ខាងលើ លោក Erdogan ក៏បានឈ្នះសំឡេង​ភាគច្រើន នៃសន្លឹកឆ្នោត​ទាំងអស់​ផងដែរ។ ​មុនការប្រកាស​លទ្ធផលផ្លូវការ​ទីភ្នាក់ងារ Anadolu បានរាយការណ៍​ថា លោក Erdogan ទទួលជ័យជម្នះ​ក្នុងសំឡេង ៥២.៥ភាគរយ នៅក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ខណៈគូ​ប្រជែង​​ធំជាងគេរបស់​លោក គឺលោក មូហារ៉េម អ៊ីញ (Muharrem Ince) ទទួល​បាន ៣១.៧ភាគរយ ដោយលទ្ធផល​ទាំងនេះ យោងទៅលើការ​​រាប់សន្លឹកឆ្នោត​បាន ៩៩ភាគរយ។ ម៉្យាងវិញទៀត គណៈកម្មាធិការ​បោះឆ្នោតតួកគី ក៏នឹងបញ្ចេញ​លទ្ធផលលម្អិត​ចុងក្រោយ នៅថ្ងៃសុក្រ​សប្តាហ៍នេះ​ផង​ដែរ​។

គួរជម្រាបថា សម្រាប់ការបោះឆ្នោតសភា ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញ​ដូចគ្នានោះ គណបក្សកាន់​អំណាច AKP របស់លោក Erdogan ក៏បានទទួលបាន​ជ័យជម្នះផងដែរ គឺប្រមាណ ៤២.៤ភាគរយ ហើយបក្ស MHP ដែលជាសម្ព័ន្ធមិត្ត​នឹងគ្នាទទួល​បានជិត ១១.២ភាគ​រយ​ ថែម​​ទៀត ក្រោយ​សន្លឹកឆ្នោត ៩៨ភាគរយ ត្រូវបាន​រាប់។ សម្រាប់ការ​បោះឆ្នោត​ទាំងពីរ ចំនួនប្រជាជន​ដែលបានចូលរួម​បោះ​ឆ្នោត​​ គឺ​មាន​ដល់​ ៨៧ភាគរយ ឬស្មើនឹង​ជាង ៥៩លាននាក់ រួមទាំងជនជាតិ​តួកគីកំពុងនៅ​ក្រៅ​ប្រទេស។

ដំបូងឡើយ ប្រសិនបើក្នុងចំណោម​បេក្ខភាពឈរឈ្មោះ​ប្រកួតប្រជែង យកតំណែង​ប្រធានាធិបតីទាំង ០៦នាក់ ពុំមាន​នរណា​ម្នាក់ ទទួល​បាន​​សំឡេង​គាំទ្រ​លើសពី ៥០ភាគរយ នៅ​​ជុំទីមួយ​នាថ្ងៃអាទិត្យម្សិលមិញ​ទេនោះ ការបោះឆ្នោត​ជុំទីពីរ​ នឹងត្រូវធ្វើឡើង​បន្ទាប់ទៀត​នៅថ្ងៃទី០៨ ខែកក្កដា​ខាងមុខ៕