​(ស៊ីរី)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ បានអះអាងថា លោកនឹងមិន​ទទួលយកជំនួយ​ហិរញ្ញវត្ថុ ពីប្រទេស​លោកខាង​លិច មកកសាង​ប្រទេសឡើងវិញ​ឡើយ ហើយថែមទាំង​ព្រមានផងដែរថា កងទ័ពស៊ីរី នឹងប្រើកម្លាំង​វាយយកទឹកដីភាគ​ខាងជើងមក​វិញ បើសិនជាក្រុមឧទ្ទាម​មិនព្រម​ចុះចាញ់។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

លោក អាសាដ ធ្វើការកត់​សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរស្សន៍រុស្ស៊ី NTV កាលពី​ថ្ងៃអាទិត្យ។ លោក អាសាដ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងមាន​ជម្រើសពីរ ដោយ ជម្រើសទីមួយ និងមានសារៈសំខាន់បំផុតនោះ គឺការផ្សះផ្សា​ជាតិ រីឯ​ជម្រើសទីពីរ គឺបើកការវាយ​ប្រហារត្រង់ៗ​លើពួកភេរវករ បើសិនជាពួកគេ​មិនព្រមចុះចាញ់​ និងមិនចង់​បាន​សន្តិភាព។ លើសពីនេះ​ទៅទៀត យើងនឹងតស៊ូ​ប្រយុទ្ធជាមួយ​នឹងពួកគេ (ពួកឧទ្ទាម) ដើម្បីគ្រប់គ្រង​ប្រទេសឡើងវិញ បើទោះជាយើង​ដឹងថា នេះមិនមែនជា​ជម្រើសល្អ​ក៏ដោយ តែវាជាផ្លូវតែមួយ​គត់ឆ្ពោះ​ទៅរកការគ្រប់គ្រង​ប្រទេស​ឡើងវិញ»

គួរបញ្ជាក់ថា នៅពេលត្រូវ​បានអ្នកសារព័ត៌មានសួរ​ ពាក់ព័ន្ធនឹងការកសាង​ប្រទេស​ឡើងវិញ លោក បាស្សា អាល់ អាសាដ បានឆ្លើយតបថា លោកនឹងមិនទទួលជំនួយ​ហិរញ្ញវត្ថុ ពីប្រទេសលោកខាងលិច​ឡើយ ដោយ​សំអាងថា រដ្ឋាភិបាលរបស់​លោកមាន​កម្លាំងគ្រប់​គ្រាន់ ក្នុងការស្ដារ​ប្រទេសជាតិ ហើយថា បើខ្វះលុយ​ស៊ីរីអាចខ្ចីពីប្រទេស​ជាមិត្ត ឬប្រជាជន​ស៊ីរីនៅក្រៅ​ប្រទេស​បាន៕