(ហាណូយ)៖ គ្រោះទឹកជំនន់ និងបាក់ដីបង្កឡើងដោយ​ភ្លៀងធ្លាក់ខ្លាំង កាលពីអំឡុងចុងសប្តាហ៍​​កន្លងទៅនេះ នៅតំបន់ភ្នំភាគខាងជើង​​ប្រទេស​វៀតណាម បានបណ្តាល​ឲ្យមនុស្ស ០៧នាក់​បាត់បង់ជីវិត និង១២នាក់​បាត់ខ្លួន។ នេះបើតាម​ការឲ្យដឹងពីអាជ្ញាធរ​វៀតណាម ដក​ស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងចំណោមអ្នក​បាត់បង់ជីវិត មាន០៥នាក់នៅខេត្តឡៃចូវ (Lai Chau) និង០២នាក់ទៀត​នៅខេត្ត ហាគាំង (Ha Giang) ខណៈជនទាំងអស់​ដែលកំពុងបាត់បង់​ខ្លួន​​​គិតត្រឹមព្រឹក​ថ្ងៃចន្ទនេះ សុទ្ធតែ​មកពីខេត្ត Lai Chau ក្នុងនោះមាន០៩នាក់នៅស្រុក ស៊ីនហូ (Sin Ho)។ នៅខេត្ត Lai Chau គ្រោះធម្មជាតិ​អាក្រក់ៗ​ខាង​​លើនេះ បានបំផ្លិចបំផ្លាញ​លំនៅឋាន​រាប់រយខ្នង ព្រមទាំងបង្ក​ការខូចខាតដល់​កំណាត់ផ្លូវជាតិ​មួយចំនួន និងបង្កឲ្យមាន​ការកកស្ទះ​ចរាចរ​ណ៍​ធ្ងន់ធ្ងរ​ថែមទៀត។

គួរជម្រាបថា សរុបមកគ្រោះ​ទឹកជំនន់ និងរអិលបាក់ដីនៅភាគខាងជើង​វៀតណាមនេះ បានបង្កការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ​គិតជាទំហំទឹក​ប្រាក់ប្រហែល ៧៦.៦ពាន់លានដុង ស្មើ​នឹងជិត ៣.៤លានដុល្លារអាមេរិក នៅក្នុងខេត្ត​ចំនួន ០៤ រួមមាន Lai Chau, Ha Giang, ឡាវកៃ (Lao Cai) និង ថៃង្វៀន (Thai Nguyen)៕​​