(ម៉ូស្គូ)៖ ទោះបីជាភាពតានតឹងជា​មួយកូរ៉េខាងជើង បានធូរស្រាល​ក៏ដោយ ក៏សហរដ្ឋអាមេរិក​មិនទាន់បោះបង់ចោល​ «កម្មវិធីបណ្ដុះ​បណ្ដាលការ​ប្រយុទ្ធនៅ​តាមផ្លូវក្រោមដី» របស់ខ្លួន ដែលត្រូវ​ចំណាយប្រាក់ច្រើន​ជាងកន្លះពាន់លាន​ដុល្លារនៅ​ឡើយដែរ។ នេះបើតាម​គេហទំព័រ Military.com ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម Military.com ជាធម្មតា​បរិក្ខាសម្រាប់ពិសេស​សម្រាប់ផ្លូវប្រយុទ្ធ​រូងក្រោមដី មានតម្លៃថ្លៃ​កប់ពពក។ ឧទាហរណ៍​គ្រាន់តែ​ឧបករណ៍​សម្រាប់ទ្រទ្រង់​ការដកដង្ហើមក្នុង​មួយឈុត​មានតម្លៃ ១៣,០០០ដុល្លារ ហើយកាស់​ទំនាក់ទំនង​មួយថ្លៃ ១០,០០០ដុល្លារ ឯណោះ។ ដូច្នេះ​គិតជាសរុប កម្មវិធីបណ្ដុះ​បណ្ដាល​ប្រយុទ្ធផ្លូវរូង​ក្រោមដី អាចនឹងត្រូវចំណាយ​លុយទាំងគីបៗ រហូត​ដល់ទៅ ៥៧២​លានដុល្លារ។

ដោយឡែក​ទស្សនាវាដ្ដី Vanity Fair ក៏បានឱ្យដឹង​ដែរថា ទីក្រុងធំដូច​ជាញូយ៉ក ឡុងដ៍ និងទីក្រុងម៉ូស្គូ សុទ្ធតែមាន​ផ្លូវរូងក្រោមដីចំងាយរាប់​រយគីឡូម៉ែត្រ។ ពោលគឺគ្រាន់តែ​ទីក្រុងញូយ៉ក​តែមួយ មានប្រព័ន្ធផ្លូវក្រោម​ដីចំងាយ ៤៤៣ម៉ៃល៍ ឬប្រហែល ៧១២គីឡូម៉ែត្រ ហើយនេះមិន​ទាន់រាប់បញ្ចូលប្រព័ន្ធ​ផ្លូវក្រោមដី​ដូចជាលូ ផ្លូវដើរ និងផ្លូវក្រោមដីដទៃ​ទៀត ដែលគេកំពុង​ប្រើប្រាស់ ឬបោះបង់​ចោល​ផង។

គួរបញ្ជាក់ថា កងទ័ពអាមេរិក​មិនបានទទួលស្គាល់​ថា កម្មវិធីបណ្ដុះបណ្ដាល​ប្រយុទ្ធផ្លូវរូងក្រោមដី​នេះ មានគោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង ចិន រុស្ស៊ី ឬក៏កូរ៉េខាងជើង នៅក្នុងករណី​មានសង្រ្គាមផ្លូវក្រោមដី​នោះទេ។ ប៉ុន្តែ​បើគេចាំមិនភ្លេចទេ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ដូណាល់ រាំស្វែលដ៍ (Donald Rumsfeld) ធ្លាប់បានហៅ​កូរ៉េខាងជើងថា ជាប្រទេសលំដាប់​ពិភពលោកមួយ​ខាងផ្លូវក្រោមដី ខណៈក្រុមអ្នក​ជំនាញខ្លះ​ថា ទីក្រុងព្យុងយ៉ាងមានផ្លូវរូងក្រោមដី​ជាង ៥,០០០កន្លែង។

បន្ថែមពី​លើនេះ កាលពីឆ្នាំ២០១៧ ពោលឺនៅចំពេលមាន​ភាពតានតឹង​ផ្នែកជាមួយ​កូរ៉េខាងជើង យោធា​អាមេរិកបានផ្ដោតសំខាន់​លើការបណ្ដុះ​បណ្ដាលការប្រយុទ្ធផ្លូវ​ក្រោមដីនេះ​កាន់តែខ្លាំង ទុកបង្ការពេល​សង្រ្គាមផ្ទុះឡើង​នៅថ្ងៃណា​មួយ៕