(ប៉ារីស)៖ សមាជិកចំនួន០៩ នៃសហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទ​សប្តាហ៍នេះ នឹងធ្វើការសម្រេច​ជាផ្លូវការ​នូវគម្រោង «បង្កើត​កងកម្លាំង​អន្តរាគមន៍​​យោធា​អឺរ៉ុប» ដោយមាន​ចក្រភពអង់គ្លេស​ ជាអ្នកគាំទ្រ​ចំណាត់ការនេះបានអះអាងថា ជាមធ្យោបាយដើម្បីរក្សាទំនាក់ទំនង​យោធា​ ឲ្យនៅតែរឹងមាំជាមួយ​ EU នៅ​​ក្រោយ Brexit (ការចាកចេញ​របស់អង់គ្លេស​ ពីសហភាព​អឺរ៉ុប)។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

កងកម្លាំង​ខាងលើដែលត្រូវគេស្គាល់​ថា ជាកងអន្តរាគមន៍​អឺរ៉ុប និងមានការជ្រោមជ្រែង​យ៉ាងពេញទំហំ​ពីសំណាក់​ប្រធានាធិបតី​បារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នោះ ត្រូវបានគ្រោង​ធ្វើឡើងក្រោមចេតនា​ធ្វើយ៉ាងណា អាចត្រូវបាន​ដាក់ពង្រាយ​ក្នុងកម្រិតយ៉ាង​រហ័ស ដើម្បី​ដោះ​ស្រាយ​​វិបត្តិ​​ផ្សេងៗ។ បើ​តាមរដ្ឋមន្រ្តី​ការពារជាតិ​បារាំង លោកស្រី ហ្វ្លររែន ផាលី (Florence Parly) លិខិតប្រកាស​ពីគោលបំណង​មួយ នឹង​ត្រូវ​ចុះ​ហត្ថ​លេ​ខា​​នៅ​ឯ​ប្រទេស លុចហ្សំបួរ (Luxembourg) នាថ្ងៃចន្ទនេះ​ដោយប្រទេស បារាំង អាល្លឺម៉ង់ បែលហ្សិក ចក្រភពអង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស៉្បាញ និង​​ព័រ​ទុយ​ហ្គាល់។

គម្រោងខាងលើនេះ រួមពាក់ព័ន្ធទៅនឹង​ការសហការដើម្បីទប់ទល់​នឹងវិបត្តិ ដែលអាចបង្កការគំរាមកំហែង​ដល់សន្តិសុខអឺរ៉ុប រួមមាន​គ្រោះ​​មហន្តរាយធម្មជាតិ, ការធ្វើអន្តរាគមន៍​ក្នុងវិបត្តិអ្វីមួយ, ឬការជម្លៀស​ខ្លួនប្រជាជន។ វានឹងដាច់​ដោយឡែកពីកិច្ចសហប្រតិបត្តិការ​ លើវិស័យ​ការពារជាតិ​ដទៃទៀតរបស់ EU ដោយមានន័យថា ចក្រភពអង់គ្លេស នឹងពុំមានបញ្ហា​ឡើយ​ដើម្បីចូលរួម ក្រោយពីខ្លួន​ចាកចេញពី EU។

គួរជម្រាបថា សហភាពអឺរ៉ុប ធ្លាប់មានអង្គភាព​យោធាចំរុះចំនួន ០៤ គិតចាប់តាំង​ពីឆ្នាំ២០០៧មក ប៉ុន្តែដោយសារ​តែការខ្វែងគំនិតគ្នា​ផ្នែក​នយោបាយ កងកម្លាំង​ទាំងនោះ ពុំដែលត្រូវបានដាក់​ពង្រាយនោះ​ឡើយ៕