(ញូដេលី)៖ ឥណ្ឌាបាន​ជាប់ឈ្មោះក្លាយ​ជាអ្នកខ្ចីលុយច្រើនជាង​គេបង្អស់ របស់ធនាគារ​វិនិយោគហេដ្ឋរចនាសម្ព័ន្ធ​អាស៊ី ហៅកាត់ថា AIIB របស់ចិនដោយ​ក្នុងរយៈពេល ០៣ឆ្នាំចុងក្រោយ​នេះ ខ្លួនបានខ្ចីប្រាក់ដើម្បី​ផ្តត់ផ្គង់ដល់គម្រោង​ផ្សេងៗ​ក្នុងទំហំ​​ដល់ទៅ ៤.៤ពាន់លានដុល្លារ។ នេះ​បើ​​តាម​​​​ការបញ្ជាក់ពីលោក ចាន់ដ្រា ហ្គាក (Chandra Garg) រដ្ឋលេខាធិការ​កិច្ចការសេដ្ឋកិច្ច​ឥណ្ឌា ដកស្រង់សម្តី​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ការបញ្ជាក់ឲ្យដឹង​ខាងលើនេះ ត្រូវបានធ្វើឡើង​ស្របពេលដែលកិច្ចប្រជុំប្រចាំ​ឆ្នាំលើកទីបីរបស់​ធនាគារ AIIB កំពុងរៀបចំប្រព្រឹត្ត​ទៅនៅឯ​​ទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌានា​ថ្ងៃចន្ទនេះ។ កិច្ចប្រជុំរយៈពេល ០២ថ្ងៃនេះ នឹងផ្តោតសំខាន់​ទៅលើប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ ក្រោមប្រធាន​បទកិច្ច​សហប្រតិបត្តិការ និងគំនិតច្នៃប្រឌិត។ ម៉្យាងវិញទៀត​វានឹងមានការចូលរួម​ពីសមាជិកចំនួន ៨៦​ប្រទេស។

អគ្គនាយករង​របស់ AIIB បានឲ្យដឹងថា ធនាគារនេះ​ពុំមានចំណាប់​អារម្មណ៍ចំពោះរឿង​នយោបាយ​ឡើយ ហើយរាល់គម្រោង​ទាំងអស់​ត្រូវ​តែឆ្លងកាត់ការធ្វើតេស្ត​របស់ធនាគារ​ ជុំវិញបញ្ហាបរិស្ថាន និងនិរន្តរភាព ហើយលោក​បាន​បន្ថែមថា AIIB នឹងពិចារណា​ទៅលើការ​វិនិយោគ​ក្នុងគម្រោង​នៅក្រៅតំបន់អាស៊ី​ថែមទៀត​ផង។

គួរជម្រាបថា ខណៈ៧៥ភាគរយ​នៃមូលធនគឺបានមក​ពីអាស៊ី តំបន់ផ្សេងទៀត​ដូចជា អឺរ៉ុប អាមេរិកខាងជើង និងប្រទេសមួយចំនួន​​នៅ​អាហ្រ្វិក​ខាង​កើត និងអាមេរិកឡាទីន ក៏បានចូលរួមជា​សមាជិករបស់ធនាគារ​ចិននេះផង​ដែរ៕