​(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក​បានឱ្យដឹងថា កុមារ ២,០៥៣នាក់ ដែលបាន​ព្រាត់ប្រាស​ពីឪពុកម្ដាយ​របស់ពួកគេ ក្រោមគោលនយោបាយ​អន្តោប្រវេសន៍​​របស់​លោក ដូណាល់ ត្រាំ នៅតែបន្ត​ជាប់ឃុំ​នៅឡើយ ខណៈពួកគេកំពុងស្វែងស្វះឱ្យកុមារ ទាំងជួបជុំគ្រួសារឡើងវិញ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ជុំវិញបញ្ហា​អន្តោប្រវេសន៍​នេះដែរ ក្រសួងសន្តិសុខមាតុភូមិ​អាមេរិក (DHS) បានបញ្ជាក់ថា មកទល់ពេលនេះ​នីតិវិធីដើម្បីសម្របសម្រួលបញ្ហានេះ​កំពុងដំណើរការនៅឡើយ ស្របពេល​ការរិះគន់នៅតែបន្តកើនឡើង​កាន់តែខ្លាំង បើទោះជា​លោក ដូណាល់ ត្រាំ បានប្រកាស​បិទបញ្ចប់​គោល នយោបាយ​គ្មាន​ការអត់ឱន​ ដែលបំបែកបំបាក់​​កុមារពីឪពុកម្ដាយរបស់​ពួកគេ​ក៏ដោយ។ អ្នកទាំងនេះ​ត្រូវបានចាប់ខ្លួន​ពីបទ ឆ្លងព្រំដែន​ដោយខុសច្បាប់ ពីប្រទេសមិចស៊ីកូ មកកាន់​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កុមារសរុប ៥២២នាក់ បានជួបជុំគ្រួសាររបស់​ពួកគេឡើងវិញ ពោលគឺ០៣ថ្ងៃ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បិទបញ្ចប់​គោលនយោបាយ​អន្តោប្រវេសន៍ គ្មាន​ការអត់ឱនរបស់​លោក៕