(ការ៉ាកាស់)៖ ខណៈដែល​ស្ថានការណ៍សន្តិសុខ និងសេដ្ឋកិច្ច​កំពុងតែស្ថិតនៅ​ក្នុងភាពផុយស្រួយ​​ខ្លាំងនោះ មេដឹកនាំ​វេណេស៊ុយអេឡា​ដែលទើបជាប់​ឆ្នោតថ្មីៗ លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាស​ឲ្យកងទ័ពរបស់ខ្លួន​ប្រុងជើងការឲ្យហើយ ព្រោះមាន​សញ្ញាសង្ស័យ​កំពុងលេច​ឡើង ដោយក្រុម​មេទ័ពចូលនិវត្តន៍​អាចនឹងងើបឡើង ដើម្បីបះបោរ​ប្រឆាំង​រដ្ឋាភិបាល។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ការអំពាវនាវ​របស់លោក ម៉ាឌូរ៉ូ ខាងលើនេះត្រូវបានធ្វើឡើង​នៅក្នុងឱកាស ដែលលោក​ដឹកនាំការធ្វើព្យុហយាត្រា​យោធាដ៏ធំមួយ នៅក្នុងរដ្ឋ ការ៉ាបូបូ (Carabobo) ស្ថិត​នៅភាគ​កណ្តាលប្រទេស​អាមេរិកឡាទីន​មួយនេះ។ លោកក៏បាន​បញ្ជាក់ច្បាស់ៗ​ទៀតថា គំរោងការ​ក្បត់ខាងលើនេះ គឺបាននិងកំពុង​រៀបចំឡើងនៅទីក្រុង បូហ្គោតា នៃប្រទេសកូឡុំប៊ី ដែលជាប់ព្រំដែន​ភាគខាងត្បូង និងខាងលិច​ប្រទេស​វេណេស៊ុយអេឡា ដើម្បីរៀបចំផែនការក្បត់ ដោយមាន​ជំនួយពី​បរទេស។

លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «ប្រទេសបើថ្ងៃ​ណាមួយពួក​ក្បត់នៅកូឡុំប៊ី ហ៊ានវាយប្រហារ​មកលើវេណេស៊ុយអេឡា​នោះ យើងត្រូវតែត្រៀម​ខ្លួនដើម្បីការពារ​បូរណភាព​ដែនដីរបស់យើង»។ លោកក៏បាន​បង្ហើបទៀតថា ក្រុមក្បត់​ខាងលើនេះ គឺមានពួកចក្រពត្តិ​ភាគខាងជើង នោះគឺ​សហរដ្ឋអាមេរិក ជាអ្នក​ឧបត្ថម្ភគាំទ្រ ដោយប្រើប្រាស់​មូលដ្ឋាននៅ​ទីក្រុង បូហ្គោតា ជាកន្លែង​ប្រមូល​ផ្តុំគ្នា៕