(ហ្ស៊ីមបាវ៉េ)៖ ប្រធានាធិ​បតី​ហ្ស៊ីមបាវ៉េ លោក អ៊ែមម៉ឺសុន ម៉ាណាងហ្គាវ៉ា (Emmerson) Mnangagwa បាននិយាយថា ការបោះឆ្នោតប្រធានាធិបតី​នឹងត្រូវធ្វើឡើង តាមការគ្រោង​ទុកនៅ​ថ្ងៃទី៣០ ខែកក្កដា​ខាងមុខនេះ បើទោះជា​លោកអះអាងថា មានការប៉ុនប៉ង​ធ្វើឃាតរូបលោក​កាលពីថ្ងៃសៅរ៍ ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មនុស្សយ៉ាងហោច​ណាស់ ៤១នាក់ បានរងរបួស​នៅក្នុងហេតុការណ៍​ផ្ទុះមួយ​ នៅអំឡុងពិធីជួប​ជុំក្នុងទីក្រុង ប៊ូឡាវ៉ាយ៉ូ (Bulawayo) ដែលកើតឡើង​នៅចំងាយតែប៉ុន្មាន​ម៉ែត្រប៉ុណ្ណោះ​ពីលោក Mnangagwa ខណៈរូបលោក​ចុះពីលើ​វេទិកា។ ប៉ុន្តែ​មិនមាន ទាន់មានការ​បញ្ជាក់លម្អិត ​ពីហេតុការណ៍ផ្ទុះនេះ​នៅឡើយទេ រីឯប្រធានាធិបតី​ហ្ស៊ីមបាវ៉េរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា អំពើហិង្សានេះ​គ្មានន័យអ្វី​ទាំងអស់ ហើយថា​វាដល់ពេលហើយ​ ដែលប្រជាជន​ហ្ស៊ីមបាវ៉េ​ត្រូវរួបរួមគ្នា។

គួរបញ្ជាក់ថា ការបោះឆ្នោត​នៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ គឺជាការ​បោះឆ្នោត​​ប្រធានាធិបតីដំបូង​បំផុត គិតចាប់តាំងពីការ​ទម្លាក់ លោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ដែលជាមេដឹកនាំ​បានកាន់អំណាច​យូរជាងគេនៅ​ទ្វីប​អាហ្វ្រិកចេញពីអំណាច៕