(អាមេរិក)៖ ការបង្កើត​កងទ័ពអវកាស មិនមែនទើប​តែលេចឡើងនៅ​ប៉ុន្មានឆ្នាំ​នេះទេ ប៉ុន្តែគឺរាប់​ទសវត្សរ៍​មកហើយ ដែលអ្នកវិភាគ​មួយ​ចំនួន​ធ្លាប់​បាន​រំលឹកអំពីវា ដោយពួកគេ​ជឿជាក់ថា នៅថ្ងៃអនាគត​មនុស្សប្រាកដ​ជាបង្កើត​ កងទ័ពទៅគ្រប់គ្រង​នៅទីអវកាសពីលើ​ភព​ផែនដី ហើយប្រទេស​ដែលអាចដើរ​ផ្លូវនេះមុន​គេ គ្មាននរណា​ក្រៅពីសហរដ្ឋអាមេរិក​​នោះ​ឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយ ចេញ​ពីវែបសាយ Popular Mechanics នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។

ទោះបីជាការបង្កើតនោះវាតូច ឬធំក៏ដោយ តែការចំណាយវិញ គឺប្រាកដណាស់ថា នឹងធំធេងមែនទែនសម្រាប់ប្រទេសដែលហ៊ានចំណាយ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន ដើម្បីគ្រប់គ្រងពិភពលោកពីលើទីអវកាស។ តួយ៉ាងដូចជាអ្វីដែលបានលេចធ្លាយ​កាលពីពេលថ្មីៗនេះ អំពី​បទ​បញ្ជា​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅការមន្ទីរការពារជាតិបញ្ចកោណ ឲ្យក្រសួងការពារជាតិគិតគូរអំពីការបង្កើត កងកម្លាំងទ័ពនៅទីអវកាស ដាច់ដោយឡែកពីទ័ពអាកាសនោះ តើវាពិតជាចាំបាច់ និងជាមធ្យោបាយល្អបំផុត ដើម្បី​ការពារ​ទី​អវកាស​មែន​ឬ?

ឆ្លើយតបនឹងសំនួរនេះ លោក Sean O'Keefe សាស្ត្រាចារ្យជំនាញតាមដានការ​វិវឌ្ឍ​នៃវិស័យអវកាស មកពីសាកលវិទ្យាល័យ Syracuse University បានអះអាងថា «បច្ចុប្បន្នប្រទេសមួយចំនួន បានចាប់ផ្តើមបង្កើនឥទ្ធិពលគួរឲ្យភ្ញាក់ផ្អើល នៅក្នុងការ​អភិវឌ្ឍវិស័យអវកាស ដែលប៉ុន្មានឆ្នាំមុននេះ វាគ្រាស់តែជារូបភាពប្រឌិតតាម​បែបវិទ្យាសាស្ត្រតែប៉ុណ្ណោះ»។ បច្ចុប្បន្នបណ្តាប្រទេសដែលលេចធ្លោ និងកំពុងប្រឹង​ប្រែងខ្លាំងជាងគេនោះ គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីតែម្តង។

លោក Sean ក៏បានចោទជាសំនួរផងដែរថា តើគោលដៅចម្បងនៃការបង្កើតកងទ័ព​អវកាស នៃមន្ទីរបញ្ចកោណអាមេរិក ជា​អ្វី​ឲ្យ​ប្រាកដ​ទៅ? ឬក៏តាមការពិតជាគ្រាន់​តែជាផ្នែកមួយនៃការបង្កើនឥទ្ធិពលយោធានោះ? ទោះជាយ៉ាងនេះក្តី ការបញ្ជាដោយ ផ្ទាល់ទៅមន្ទីរ​បញ្ច​កោណ​ឲ្យ​បង្កើត​កង​ទ័ព​អវ​កាស​នោះ គឺនឹងក្លាយជាបញ្ហាធំមួយ​សម្រាប់លោក ដូណាល់ ត្រាំ ព្រោះថា ថ្លៃចាយវាយនៅក្នុងដំណើរការ ប្រាកដជាមិនតិច​នោះឡើយ ហើយលោកគ្មានអាជ្ញាធរនៅក្នុងរឿងនេះឡើយ ដោយថ្លៃចំណាយត្រូវតែទទួលការសម្រេច ដោយ​សភា​អាមេរិក​ជា​មុន​សិន។

ហេតុដូច្នេះ គ្រប់គ្នាមានការ​ភ្ញាក់ផ្អើលទៅនឹងគំរោង​បង្កើតកងទ័ព​អវកាសអាមេរិក និងប្រទេសមួយ​ចំនួនដូច​ជាចិន រុស្ស៊ី ឬប្រទេសមាន​ទំនោរប្រឆាំង​អាមេរិក ក៏គង់​អង្គុយមើលមិន​ដាក់ភ្នែកដែរ ព្រោះនេះអាចមិនមែន​ជាគំរោងថ្មីនោះ​ឡើយ តាមរយៈសកម្មភាព​ប្លែកៗថ្មីៗ ដែលអាមេរិក​បានធ្វើ​កន្លងមក ដូចជាការ​បាញ់បង្ហោះ​ផ្កាយរណប​យោធា​អង្កេតការណ៍ និងការបញ្ជូន​យន្តហោះអវកាស​យោធាកាលពី​ឆ្នាំមុនទៅទីអវកាស​ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កងទ័ពអាកាសអាមេរិក (U.S. Air Force) គឺជាអ្នក​គ្រប់គ្រង​ការបញ្ជា ទៅលើកិច្ចការពារវិស័យអាមេរិកជាបឋម ដែលមានដូចជា ទីបញ្ជាការទ៏ពអវកាស ដែលធ្វើការអង្កេត និងតាមដានលើផ្កាយរណប និងការបាញ់​មីស៊ីលលើផែនដី, អង្កេត​ការណ៍​សម្ងាត់, ដំណើរ​ការ​ប្រព័ន្ធ GPS និងធ្វើទំនាក់​ទំនង​​ជាមួយ​យន្ត​ហោះ​ចម្បាំងអាមេរិកនានានៅលើផែនដី។

សរុប​សេចក្តីមក កងទ័ពអវកាស និងទីបញ្ជាការអវកាស​ពិតជាសំខាន់ ហើយអាមេរិក​មានវាជាយូរណាស់​មកហើយ គ្រាន់តែវាស្ថិត​នៅក្នុងអាជ្ញាធរ​របស់កងទ័ពអាកាស​ប៉ុណ្ណោះ។ ដូច្នេះ​លោក ដូណាល់ ត្រាំ ចង់ឲ្យកងទ័ព​អាកាសនេះ​ ក្លាយជាកង​អង្គភាពទី ៦ (ថែមលើទី​កងអង្គភាព​ ដែលមានស្រាប់​ទាំងអស់ ៥) ដើម្បីឲ្យ​ថវិកាជាតិត្រូវ​បានយក​មកប្រើប្រាស់ ក្នុងការអភិវឌ្ឍ​វាឲ្យកាន់​ខ្លាំងក្លា ហើយគោលដៅ​ធំក្នុងរឿងនេះ គ្មានអ្វីក្រៅតែពី​ការបង្កើនឥទ្ធិពល​យោធា​អាមេរិក នៅក្នុងការគ្រប់គ្រង​ថែមមួយជាន់​ទៀត មកលើភព​ផែនដីនោះ​ឡើយ៕