(អង់ការ៉ា)៖ ប្រជាពលរដ្ឋតួកគីនាថ្ងៃអាទិត្យនេះ បានចាប់ផ្តើមទៅធ្វើការចូលរួមបោះឆ្នោត ដែលនឹងសម្រេចជោគជ័យផ្នែកនយោបាយនា​ពេលអនាគតខាងមុខ សម្រាប់ប្រធានាធិបតី លោក Recep Tayypi Erdogan។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន​ CGTN នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។

ប្រជាជនតូកគីចំនួនប្រមាណ៥៦.៣លាននាក់ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនិងការបោះឆ្នោតសភា នាថ្ងៃអាទិត្យនេះ ដោយក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋតួកគីប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស។ សម្រាប់បេក្ខភាពឈរ​ឈ្មោះប្រកួត​ប្រជែង​យកតំណែងប្រធានាធិបតីវិញគឺមានចំនួន៦រូប។ ប្រសិនបើពុំមានបេក្ខភាពណា​មួយ ទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយ នៅ​​ជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ​ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី០៨ ខែកក្កដាខាងមុខ។

គួរជម្រាបថា ចំណុចសំខាន់នៃការឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃនេះ គឺទៅលើថាតើបេក្ខភាពថ្មី៥រូបទៀត នឹងមានឱកាសយកឈ្នះ​លើប្រធានាធិបតីកាន់អំណាច លោក Erdogan ដែលបានដឹកនាំប្រទេសតួកគីអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ ដែរឬយ៉ាងណា។ ​នៅ​ក្រោយ​ការបោះឆ្នោតនេះផងដែរ ការផ្លាស់ប្តូរថ្មីមួយចំនួន ដែលត្រូវ​​បានសម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧ នឹង​ចូល​ជាធរមាន ​ដោយក្នុងនោះមានទាំងការបន្ថែមអំណាចទៅឲ្យ​ប្រធានាធិបតីទៀតផង៕