(ព្យុងយ៉ាង)៖ បន្ទាប់ពីការកើតមាននៃជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោក ដូណាល់ ត្រាំនិងលោក គីម ជុងអ៊ុន ព្រមទាំងភាពប្រសើរឡើង​នៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ខិតប័ណ្ឌនិងផ្ទាំងរូបភាពដែលឃោសនាប្រឆាំងនឹងសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា បានបាត់ខ្លួនជា​បណ្តើរៗហើយពីកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង ព្រមទាំងមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកដែលត្រូវបានសម្ភាសន៍នៅក្នុងប្រទេសនេះផ្ទាល់ ​​សកម្ម​ភាពឃោសនាប្រឆាំងអាមេរិក ដែលធ្លាប់តែត្រូវបានផ្សព្វផ្សាយសាយភាយនៅទូទាំងប្រទេសកូរ៉េខាងជើងនោះ បានចាប់ផ្តើមបាត់ជា​បណ្តើរ​ៗហើយ ក្រោយពីស្ថានការណ៍បានវវត្តន៍ទៅមុខយ៉ាងប្រសើររវាងទីក្រុងព្យុងយ៉ាង សេអ៊ូល និងវ៉ាស៊ីនតោន។

គួរជម្រាបថា ការឃោសនាប្រឆាំងអាមេរិកគឺជាសសរស្តម្ភដ៏សំខាន់មួយ នៅក្នុងមនោគមន៍វិជ្ជារបស់កូរ៉េខាងជើង ដោយសហរដ្ឋអាមេរិក​និងលោកខាងលិច ត្រូវបានចាត់ទុកនិងបង្ហាញឲ្យឃើញថាជា តួអង្គអាក្រក់និងឃោរឃៅ ដែលព្យាយាមឈ្លានពានកូរ៉េខាងជើង។

ក្រៅពីនេះផ្ទាំងរូបភាពនិងការឃោសនាអំពីឥទ្ធិពលនៃ​មីស៊ីល-នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ក៏កំពុងត្រូវបានលុបបំបាត់ចេញផងដែរ។ ផ្ទុយទៅវិញ ទីក្រុងព្យុងយ៉ាងបានរៀបចំផ្ទាំងផ្សព្វផ្សាយស្តីពីសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែមេសារវាងកូរ៉េទាំងពីរ និងការផ្សព្វផ្សាយ​អំពីរឿងវិជ្ជមានដទៃៗទៀត រួ​ម​មានការបង្កើនផលិតកម្មក្នុងប្រទេស និងគម្រោងកញ្ចប់ថវិកាសម្រាប់រយៈពេល០៥ឆ្នាំខាងមុខជាដើម៕