(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសជាចំហថារូបលោកគាំទ្រ ចំពោះការដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើ​បណ្តាប្រទេសអឺរ៉ុបទាំងឡាយណា ដែលបដិសេធមិនព្រមសហការជុំវិញវិបត្តិជនអន្តោប្រវេសន៍។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez ដែលបានអញ្ជើញមកទស្សនកិច្ចនៅទីក្រុង​ប៉ារីស លោក Macron បាននិយាយថា «យន្តការនៃការដាក់ទណ្ឌកម្មនឹងត្រូវបង្កើតឡើង នៅក្នុងករណីដែលពុំមានសាមគ្គីភាព។ ពួកយើង​មិនអាចឲ្យមានប្រទេសដែលទទួលផលប្រយោជន៍ធំធេងពីសាមគ្គីភាពនៃសហភាពអឺរ៉ុប (EU) ហើយគិតតែពីប្រយោជន៍ជាតិខ្លួនឯងដោយ​​អាត្មានិយម នៅពេលពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍នោះឡើយ»

គួរជម្រាបថា មេដឹកនាំនៃសហភាពអឺរ៉ុប នឹងគ្នានាថ្ងៃអាទិត្យនេះ នៅឯទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក ដើម្បីពិភាក្សាអំពីមធ្យោបាយ​​ដើម្បីបញ្ចប់វិវាទរឿងជនអន្តោប្រវេសន៍ ដែលកំពុងធ្វើឲ្យសមាជិកទាំង២៨របស់ EU មានការខ្វែងគំនិតនិងមិនត្រូវរ៉ូវគ្នា៕​