(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ចេញរបាយការណ៍លម្អិតផ្លូវការ ស្តីពីប្រជាជនប៉ាឡេស្ទីន ដែលបានបាត់បង់ជីវិតនិង​របួស ដោយកាណុងកាំភ្លើងរបស់ក្រុមទាហានអ៊ីស្រាអែល ចាប់តាំងតែពីមានផ្ទុះការប្រមូលផ្តុំគ្នានិងធ្វើបាតុកម្ម នៅឯតំបន់ព្រំដែន​ហ្គាហ្សា​​និងអ៊ីស្រាអែលកាលពីចុងខែមីនាមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី​២៤ ខែមិថុនា ឆ្នាំ២០១៨។

បើតាមរបាយការណ៍ខាងលើ កងទ័ពអ៊ីស្រាអែលបានផ្តាច់ជីវិត​ជនជាតិអ៊ីស្រាអែលសរុបចំនួន១៣១នាក់ និងបណ្តាលឲ្យរបួស​១៤,៨១១នាក់​ ដោយក្នុងនោះមាន៧,៩៧៥នាក់ត្រូវបានបញ្ជូនសង្រ្គោះនៅឯមន្ទីរពេទ្យ និង៥៤នាក់មានស្ថានភាពធ្ងន់ធ្ងរ រហូតត្រូវកាត់ដៃឬកាត់ជើងចោល​ថែមទៀតផង។ របាយការណ៍ដដែល ក៏បានចោទ​ប្រកាន់យោធាអ៊ីស្រាអែលថា បានវាយប្រហារមកលើ​ក្រុមគ្រូពេទ្យនិងរថយន្តសង្រ្គោះ​បន្ទាន់ ដែលនៅកន្លែងកើតហេតុ ដើម្បីសង្រ្គោះជីវិតក្រុមបាតុករដែលរងរបួសផងដែរ។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ប៉ាឡេស្ទីនបានរៀបចំការធ្វើបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែល នៅឯភាគខាងកើត​​តំបន់​ហ្គាហ្សាស្រ្ទីព (Gaza Strip)។ ពួកគេបានដាក់ឈ្មោះឲ្យការប្រមូលផ្តុំគ្នានេះថា «The Great March of Return» ដោយតែងប្រព្រឹត្តទៅរៀង​រាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យ​បញ្ចប់ការបិទទំនាក់ទំនងគ្រប់ច្រក ដែលអ៊ីស្រាអែល បានដាក់មកលើហ្គាហ្សា ចាប់តាំងពីឆ្នាំ២០០៧៕