(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែល​ហ្ស៊ិក​ បានឈ្នះកៅអីមួយ​ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយនៃ​ FIFA World Cup 2018 នៅរុស្ស៊ី​ ក្រោយបំបាក់ទុយនេស៊ី​ ៥-២។

នេះជាជ័យជម្នះទី២​ សម្រាប់ក្រុមនៅអឺរ៉ុប​ ប៊ែលហ្ស៊ិក​ ដោយរកបាន៦ពិន្ទុពេញនៃវគ្គសន្សំពិន្ទុពូល​ G ក្រោយបំបាក់ប៉ាណាម៉ា​ ៣-០​ កាលពីប្រកួតក្នុងជុំទី១​ ស្របពេលអង់គ្លេសក៏បានយកឈ្នះទុយនេស៊ី​ ២-១​ ដែរនោះ។

Eden Hazard ជាអ្នកទាត់បាល់ប៉េណាល់ទីពិន័យ​ ១១ម៉ែត្រអោយប៊ែលហ្ស៊ិកនៅនាទីទី៦​ មុនពេលបន្ថែម២គ្រាប់ទៀត​ដោយ​ Romelu Lukaku ដែលរកបាន៤គ្រាប់ច្រើនជាងគេ​ ស្មើនឹង​ Cristiano Ronaldo នៃក្រុមជម្រើសជាតិព័រទុយហ្គាល់​ ក្នុង​ World Cup លើកទី២១នេះ​ និងគ្រាប់ទី៤​ ដោយ​ Hazard ដដែលនៅនាទីទី៥៤ និងគ្រាប់ទី៥​ នៅទីទី៩០​ និងទុយនេស៊ី​ រកបាន២គ្រាប់ដែរនៅនាទីទី១៨​ និងនាទីទី៩០+៣។

ប៊ែលហ្ស៊ិកបានក្លាយេជាក្រុមទី៥​ ក្នុងចំណោម​ ៣២ប្រទេសដែលបានកក់កៅអីវគ្គ១៦ក្រុម​ បន្ទាប់ពីអ៊ុយរ៉ាហ្គាយ​ បារាំង​ ក្រូអាត​ និងម្ចាស់ផ្ទះរុស្ស៊ី​ ហើយក្រុមមកពីអាហ្រ្វិក​ ទុយនេស៊ី​ ក៏បានកក់សំបុត្រយន្តហោះទៅផ្ទះវិញផងដែរជាមួយ​ អេហ្ស៊ីប​ អារ៉ាប៊ីសាអូឌីត​ ម៉ារ៉ុក​ ប៉េរូ​ និងកូស្តារីកា៕