(អាឌីសអាបាបា)៖ មានការផ្ទុះយ៉ាង​កក្រើកមួយ បានកើតមានឡើង​នៅ​ថ្ងៃសៅរ៍នេះ បន្ទាប់ពីលោក​​នាយករដ្ឋមន្ត្រីអេត្យូពីថ្មី ធ្វើការថ្លែង​សុន្ទរកថា នៅចំពោះ​ប្រជាជនជាង ០៣លាននាក់ ខណៈមាន​សេចក្តីរាយការណ៍​មុននេះបន្តិចថា មនុស្សមួយ​ចំនួនបានស្លាប់ និងជាច្រើន​នាក់ទៀតរងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រី​អេត្យូពី លោក អាប៊ីយ អាហ៍ម៉េដ (Abiy Ahmed) បានធ្វើការថ្លែង​សុន្ទរកថា​ដ៏សំខាន់មួយ​នៅក្នុងរដ្ឋធានី អាឌីសអាបាបា នៅព្រឹកថ្ងៃសៅរ៍​នេះតែម្តង (ម៉ោង​នៅតំបន់​អាហ្វ្រិកកណ្តាល) ចំពោះមុខ​អ្នក​គាំទ្រ​លោក ហើយក្រោយ​ពីលោកបញ្ចប់​សុន្ទរកថា​ភ្លាមៗ សំឡេងផ្ទុះ​មួយក៏បានលាន់លឺ​ឡើងតែម្តង នៅពេលដែល​ក្រុមអ្នកគាំទ្រ​បន្ត​ស្ថិតនៅមុខ​វេទិកា​ ដោយមិនទាន់បាន​ចេញទៅណាអស់​នោះឡើយ។

គួរបញ្ជាក់ថា ចំនួនមនុស្ស​ស្លាប់ និងរបួសមិនទាន់ត្រូវបាន​បញ្ជាក់នោះទេ ប៉ុន្តែ​ប៉ូលិស​អេត្យូពីកំពុងតែ​ធ្វើការស៊ើប​អង្កេត ខណៈជន ឬក្រុមសង្ស័យ​ដែលបង្ករឿងនេះ​ឡើង ក៏មិនទាន់មាន​ការបង្ហើបឲ្យដឹង​នោះដែរ។ អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍​នោះ គឺរយៈ​ពេលមួយខែចុង​ក្រោយនេះ រដ្ឋាភិបាល​របស់លោក Ahmed បានធ្វើការ​កែទម្រង់មួយ​​ចំនួន ដែលអាច​នាំឲ្យប្រជាជន និងក្រុមជនជាតិ​ភាគតិចមួយចំនួន​មិនពេញចិត្ត៕