(យូអិន)៖ មហាសន្និបាត នៃអង្គការ​សហប្រជាជាតិ (UNGA) នៅថ្ងៃសុក្រ​​សប្តាហ៍នេះ (ពេលវេលា​​នៅទីក្រុង​​ញូយ៉ក) បានអនុម័តនូវ​ដំណោះស្រាយ​មួយ ដោយទាមទារឲ្យ​ប្រទេសរុស្ស៊ី ដកកងទ័ព និងសព្វាវុធចេញពី​ប្រទេស​ម៉ុលដូវ៉ា (Moldova) ដែលស្ថិតនៅ​តំបន់អឺរ៉ុបខាង​កើតនោះ ដោយគ្មានលក្ខខណ្ឌ​​អ្វីទាំងអស់។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

ដំណោះស្រាយ​​ខាងលើនេះ ត្រូវបានអនុម័ត​ដោយ​សំឡេង ៦៤ ទល់នឹង ១៥សំឡេង ជាមួយ ៨៣ប្រទេស​ទៀតបានធ្វើ​អនុប្បវាទ។ វាគឺជាការអំពាវនាវ​ឲ្យប្រទេសរុស្ស៊ី ធ្វើការដក​កងទ័ព និងសព្វាវុធទាំងអស់​ចេញពីតំបន់​ផ្តាច់ខ្លួន ត្រាននីស្ទឺរ (Transdniester) នៃប្រទេស​ម៉ុលដូវ៉ា ដោយគ្មាន​លក្ខខណ្ឌ និង​គ្មានការពន្យារ​ពេល។ នៅក្នុង​ដំណោះស្រាយ​ក៏បានសង្កត់ធ្ងន់​ផងដែរថា វត្តមានយោធា និងមូលដ្ឋានទ័ព​​នៅក្នុងទឹកដី​ម៉ុលដូវ៉ា គឺជាទង្វើដែល​រំលោភ​បំពានអធិបតេយ្យភាព និងបូរណភាព​ដែនដីនៃ​ប្រទេសអឺរ៉ុបខាង​កើតមួយ​នេះ។

គួរបញ្ជាក់ថា កងកម្លាំងទ័ព​នៃប្រទេសរុស្ស៊ី ដែលមាន​ឈ្មោះថា OGRF បានបន្តស្ថិត​នៅក្នុងតំបន់​ផ្តាច់ខ្លួន Transdniester ដែលជាកន្លែង​ស្តុកអាវុធដ៏​សំខាន់​កាលពីសម័យ​អតីត​សហភាព​សូវៀត បើទោះបីជារុស្ស៊ី​ធ្លាប់បាន​ប្តេជ្ញាថា ខ្លួននឹង​ដកទ័ព​ចេញពីតំបន់​ដែលត្រូវបានចាត់ទុក ជា​ដែនដី​ស្របច្បាប់របស់ ម៉ុលដូវ៉ា នេះតាំង​តែពីឆ្នាំ​១៩៩៩ ក៏ដោយ។ ដោយឡែក​ការដកទ័ពនេះ នឹងត្រូវលើក​យកមកពិភាក្សាក្នុង​មហាសន្និបាត​ជាថ្មីទៀត នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ៕