(ប៉េកាំង)៖ សារព័ត៌មាន​អាមេរិក Wall Street Journal បានឱ្យដឹងថា អាវុធឡាស៊ែរត្រូវ​បានប្រើប្រាស់ដើម្បី​វាយប្រហារលើ ពីឡុតបើកយន្តហោះចម្បាំងអាមេរិកជាង ២០លើក ចាប់ពីដើម​ឆ្នាំ២០១៨​មក ហើយហេតុការណ៍​ទាំងអស់នេះ កើតឡើងនៅពី​លើដែនអាកាស ឬនៅ​ក្បែរ​សមុទ្រចិនខាងកើត ជាពិសេស​នៅតំបន់ដែលយោធា​ចិនកំពុង​ប្រតិបត្តិការ។​ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

យោង​តាម Wall Street Journal អាវុធឡាស៊ែរ​ត្រូវបានគេបាញ់ចេញ​ពីទូកនេសាទ និងពីលើគោក​ជាង ២០លើក ទៅលើពីឡុតបើក​យន្ដហោះចម្បាំងអាមេរិក ហើយបើទោះ​ជាពុំទាន់ការ​បញ្ជាក់លម្អិត ប៉ុន្តែហេតុការណ៍បែបនេះ​បានកើតឡើងកាន់​ច្រើន រីឯក្រុមមន្ត្រីអាមេរិក​បានបដិសេធ​ទទួលស្គាល់ថា យោធាចិនជាអ្នក​នៅពីក្រោយ​ការវាយប្រហារ​ទាំងនេះ។

គួររំលឹកថា កាលពីខែឧសភា​មន្ទីរបញ្ចកោណបានចោទប្រកាន់ថា ទីក្រុងប៉េកាំង បានបាញ់ឡាស៊ែរ​លើពីឡុតអាមេរិក​ នៅក្បែរ​មូលដ្ឋានទ័ពចិន​ក្នុងប្រទេស ជីបួទី (Djibouti) ​ដោយបណ្ដាល​ឱ្យពីឡុតអាមេរិក​ពីរនាក់រងរបួស ហើយទីក្រុង​វ៉ាស៊ីនតោន ក៏បាន​ស្នើឱ្យចិន បើកការស៊ើប​អង្កេតលើករណី​បាញ់អាវុធឡាស៊ែរ​នេះផងដែរ៕