(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះ បានរាយការណ៍​ពីការព្រមព្រៀងគ្នា​មួយជាមួយកូរ៉េខាងត្បូង ក្នុងការរៀបចំ​ពិធីជួបជុំគ្រួសារ​កូរ៉េទាំងពីរ ដែលបានព្រាត់ប្រាសគ្នានៅអំឡុងសម័យ​សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។ នេះបើ​តាមការ ចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

កាលពី​ថ្ងៃសុក្រ ក្រុមមន្ត្រីកាកបាតក្រហមនៃប្រទេស​ទាំងពីរ បានព្រមព្រៀង​នៅក្នុងកិច្ចប្រជុំថា​ នឹងរៀបចំពិធីជួបជុំ​គ្រួសារកូរ៉េ​ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែសីហា​ខាងមុខនេះ នៅឯរម្មណីយដ្ឋានភ្នំ Kumgang របស់​កូរ៉េខាងជើង ដោយមាន ១០០គ្រួសារ​មកពីភាគីទាំង​សងខាង។ ចំណែកឯ KCNA ក៏បានរាយការណ៍​ពីការព្រមព្រៀងគ្នា​នេះដែរ ប៉ុន្តែមិនបាន​បញ្ជាក់លម្អិត​ពីកាលបរិច្ឆេទឡើយ ដោយ គ្រាន់តែនិយាយថា ភាគីទាំងពីរ​នឹងបន្តពិភាក្សាគ្នា​តទៅទៀតជុំវិញ​ការរៀបចំពិធី​ជួប​ជុំនេះ។

គួរបញ្ជាក់ថា គ្រួសារកូរ៉េទាំង​ពីររាប់លាននាក់បានព្រាត់​ប្រាសគ្នានៅសម័យសង្រ្គាមកូរ៉េ។ មួយវិញទៀត​មកទល់នឹងបច្ចុប្បន្ន កូរ៉េទាំងពីរបានរៀបចំ​ពិធីជួបជុំគ្រួសារកូរ៉េចំនួន ២០លើក ជាមួយការចូលរួម​ពីគ្រួសារកូរ៉េ ១៩,៨០០គ្រួសារ ហើយការរៀបចំ​ពិធីជួប នេះត្រូវបានធ្វើ​ឡើងលើកចុងក្រោយ​កាលពីខែតុលា ឆ្នាំ២០១៥៕