(វ៉ាស៊ីនតោន)៖ បន្ទាប់ពីការ​ប្រកាសសង្គ្រាម​ពាណិជ្ជកម្មជា​មួយចិន និងសហភាព​អឺរ៉ុបនោះ នៅទីបំផុតជំនួប​កំពូល​រវាងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចេញ​សញ្ញាថា នឹងអាចកើត​មាន​ឡើងឆាប់ៗ​ខាងមុខនេះហើយ ខណៈសហរដ្ឋអាមេរិក​នឹងបញ្ចូនមន្ត្រី​ជាន់ខ្ពស់​មួយរូប​ទៅកាន់​ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីបញ្ហានេះ។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ ស៊ីនហួរ ដែលត្រូវបានដកស្រង់​នាយប់ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​សេតវិមាន​​អាមេរិក បានបញ្ជាក់​នៅ​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​​នេះថា ទីប្រឹក្សា​សន្តិសុខជាតិ លោក  John Bolton ត្រូវបាន​លោក ដូណាល់ ត្រា ប្រាប់ឲ្យ​ត្រៀមខ្លួនធ្វើ​ដំណើរទៅកាន់ទីក្រុង​ម៉ូស្គូ ដើម្បីបំពេញទស្សនកិច្ច​ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមិថុនា ខាងមុខនេះ ដើម្បីត្រួសត្រាយ​ផ្លូវទៅរកជំនួប​កំពូល ត្រាំ-ពូទីន ចំពោះការមុខ​ការព្រួយបារម្ភពី​សហភាពអឺរ៉ុប និងភាពវឹកវរនៃសង្គ្រាមពាណិជ្ជកម្ម។

ងាកទៅកាន់​​មន្ត្រីជាន់​ខ្ពស់​រុស្ស៊ីវិញ គឺរដ្ឋមន្ត្រីការបរទេស​លោក ស៊ឺហ្គៃ ឡារ៉ូវ បានអះអាងថា រុស្ស៊ីត្រៀមខ្លួន​រួចរាល់ក្នុងការទាក់ទង​ជាមួយអាមេរិក។ សម្រាប់ជំនួប​រវាង​លោក ពូទីន និងលោក ត្រាំ​ ថានឹងអាចកើត​មានយ៉ាង​ណានោះ គឺត្រូវរង់ចាំ​លទ្ធផលនៃទស្សនកិច្ចលោក Bolton នៅម៉ូស្គូជា​មុនសិន។ បន្ថែមពីនេះ​វាក៏នឹងក្លាយជា​ឱកាស​ផ្សះផ្សាទំនាក់ទំនង រុស្ស៊ី-អាមេរិក ឡើងវិញ​ផងដែរ ចំពោះមុខភាព​ភ័យព្រួយខ្លាំង​ជាងគេ ពីសហភាពអឺរ៉ុប៕