(ចិន)៖ ចិនបានបន្ទាប​គន្លង​កម្ពស់​នៃមន្ទីរ​ពិសោធន៍អវកាស Tiangong-2 របស់ខ្លួន ខណៈទង្វើនេះ​ទំនងជាធ្វើឡើង ​ក្រោមគោល​បំណង​​​​បញ្ចៀស​ស្ថានការណ៍​ដូចទៅនឹងមន្ទីរ​ពិសោធន៍ Tiangong-1 ដែលបានធ្លាក់​ចូលមកផែនដី​វិញ ដោយពុំអាច​គ្រប់គ្រង​បាន កាលពីប៉ុន្មាន​ខែ​មុននេះ។ នេះបើតាម​​ការដកស្រង់​ការផ្សាយចេញ​ពី​វែបសាយ Space.com នៅយប់ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

មន្ទីរ​ពិសោធន៍ Tiangon-2 ត្រូវបានបង្ហោះ​ឡើងទៅកាន់ទី​អវកាស កាលពីខែកញ្ញា ឆ្នាំ២០១៦ ដើម្បីធ្វើតេស្ត​ទៅលើប្រព័ន្ធទ្រទ្រង់​ជីវិត​ដ៏​ទំនើប ប្រព័ន្ធចាក់ប្រេង និងសមត្ថភាព​ផ្គត់ផ្គង់​ឡើងវិញ តាមរយៈបេសកកម្ម​បញ្ជូនមនុស្ស Shenzhou-11 និង បេសកកម្ម​បញ្ជូនទំនិញ Tianzhou-1 ដោយទាំង​អស់នេះ គឺជាការរៀបចំ​ដើម្បីបង្កើតស្ថានីយ​អវកាស​ខ្នាតធំមួយ នៅគន្លង​កម្រិតទាប​របស់​ផែនដី។

បើតាមព័ត៌មាន​ពីទីបញ្ជា​ការ​​ផ្នែកអវកាស​របស់អាមេរិក មន្ទីរពិសោធន៍ Tiangong-2 បានរំកិល​ពីរយៈកម្ពស់​ប្រហែល ៣៨៦គីឡូម៉ែត្រ ចុះទៅ​នៅត្រឹម ២៩៧គីឡូម៉ែត្រ ខណៈពុំមាន​សេចក្តីប្រកាស​អំពីស្ថានភាព​របស់វា​ឡើយ។ Tiangon-2 គឺស្រដៀងនឹង Tiangong-1 ​ដែលត្រូវបាន​បាញ់បង្ហោះកាល​ពីឆ្នាំ២០១១ ដែរ ប៉ុន្តែវាមាន​ភាព​ទំនើបជាង។ មន្ទីរពិសោធន៍​អវកាសទាំងពីរនេះ ត្រូវបាន​រចនាឡើង​ដើម្បី​ធ្វើជាគ្រឹះ​សម្រាប់ការអភិវឌ្ឍ និងផ្ទៀងផ្ទាល់​បច្ចេកវិទ្យា សម្រាប់គម្រោង​សាងសង់​ស្ថានីយ​អវកាស​ចិន។​

គួរជម្រាបថា បើតាមក្រុម​អ្នកវិភាគ ការបន្ទាបកម្ពស់​នៃគន្លងរបស់មន្ទីរ​ពិសោធន៍ Tiangong-2 គឺប្រហែលជា​ចិនមិនចង់ឲ្យមានបញ្ហា​នៃមន្ទីរ​ពិសោធន៍ Tiangong-1 កើតឡើង​ជាថ្មីម្តងទៀត។ Tiangong-1 បានជួបបញ្ហា​កាលពីដើម​ឆ្នាំ២០១៦ ដែលជាហេតុធ្វើ​ឲ្យវាបាត់ការទាក់ទង​​ ជាមួយមូលដ្ឋាន​នៅលើ​ផ្ទៃដី។

មន្ទីរពិសោធន៍នេះ ក៏បានចាប់ផ្តើម​ឆ្ពោះមករកផែនដី រហូតដល់ទីបំផុត​បានធ្លាក់ចូលមកក្នុង​បរិយាកាស​ នៃភពរបស់យើងវិញ ដោយពុំអាច​គ្រប់គ្រងបាន​កាលពីថ្ងៃទី០២ ខែមេសា។ ទោះបីជាភាគច្រើន​នៃច្រើន​របស់ Tiangong-1 ត្រូវបានឆេះអស់​​​ពេលកំពុងធ្លាក់ក៏ដោយ បំណែកដែល​នៅសល់របស់វា បានធ្លាក់ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគខាង​ត្បូង៕