​(វ៉ាស៊ីនតោន)៖ ក្រុមសភា​តំណាងរាស្ត្រ​អាមេរិកជាច្រើននាក់ រួមទាំងមន្ទីរ​បញ្ចកោណ បានបង្ហាញក្ដី​ព្រួយបារម្ភរបស់​ខ្លួនថា រុស្ស៊ីអាច​នឹងប្រមូលយក​ទិន្នន័យបចេ្ចកវិទ្យា ក៏ដូចជាស្វែងរក​ចំណុចខ្សោយ​របស់ យន្ដហោះចម្បាំង​បំបាំងកាយ​អាមេរិក F-35 នៅក្នុងករណី​តួកគីបញ្ចូលយន្ដហោះ​ចម្បាំងនេះ និងប្រព័ន្ធ​មីស៊ីលរុស្ស៊ី S-400 ទៅក្នុងព្រ័ន្ធការពារ​ដែនអាកាស​រួម។ នេះបើតាម​លោក គ្រីស វ៉ាន ហូលឡេន (Chris Van Hollen) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

សមាជិកព្រឹទ្ធសភា​បក្សប្រជាធិបតេយ្យ លោក Hollen ធ្វើការកត់សម្គាល់​បែបនេះ នៅក្នុងបទ​សម្ភាសន៍​ជាមួយ CNN​ នៅក្នុង​សប្ដាហ៍នេះ។ លោក Hollen បានគូស​បញ្ជាក់​ដូច្នេះថា «ការព្រួយបារម្ភ​របស់ពួកយើងនោះ​គឺ បច្ចេកវិទ្យា F-35 ដែលជា​យន្ដហោះ​ចម្បាំង ទំនើបបំផុតរបស់​សហរដ្ឋអាមេរិក និងអង្គការ​ណាតូ អាចនឹងត្រូវធ្លាក់​ទៅក្នុង​ដៃរុស្ស៊ី បើសិន​ជាតួកគី​ប្រើប្រាស់​យន្ដហោះ​ចម្បាំង បំបាំងកាយនេះ​រួមគ្នាជាមួយ​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស S-400 ​ដែលតួកគី​បញ្ជាទិញ​ពីរុស្ស៊ី។ ពោលគឺបើវា​ធ្លាក់ទៅក្នុងរុស្ស៊ី​​មែននោះ ទីក្រុងម៉ូស្គូ អាចស្វែងរក​គន្លឹះដើម្បីបង្ក្រាប​​សមត្ថភាព F-35»។

គួរជម្រាបថា បើទោះជាមានកិច្ចខិតខំ​ប្រឹងប្រែងរារាំង​ពីសភាអាមេរិកក៏ដោយ ក៏នៅទីបំផុត​ប្រទេស​តួកគី បានទទួល​យន្ដហោះ ចម្បាំង F-35 ពីរគ្រឿងដំបូង​ពីសហរដ្ឋអាមេរិក​ហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែយន្ដហោះ​ទាំងពីរគ្រឿងនេះ​ មិនអាចយក ចេញពីសហរដ្ឋអាមេរិក​ឡើយរហូតដល់ដំណាច់​ឆ្នាំ២០១៩ ដោយសារតែ​ទីក្រុងអង់ការ៉ា​បញ្ជាទិញប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី៕