(ម៉ូស្គូ)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបជា​មួយប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអំឡុង​បំពេញ​ដំណើរទស្សនកិច្ច​ ទៅកាន់អឺរ៉ុបនៅខែក្រោយនេះ។ ប៉ុន្តែរដ្ឋាភិបាល​អង់គ្លេស កំពុងព្រួយបារម្ភខ្លាច​ក្រែងថា ជំនួបរវាងអ្នក​ទាំងពីរនឹង បង្កផលប៉ះពាល់​អវិជ្ជមាន​ដល់អង្គការ​ NATO។ នេះបើ​តាម New York Times ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​កាសែត New York Times លោក ត្រាំ អាចនឹងជួប​ជាមួយ​លោក ពូទីន នៅមុនកិច្ចប្រជុំ​កំពូល NATO ក្នុងទីក្រុងព្រុចសែល ឬក៏មុនដំណើរ​ទស្សនកិច្ច​របស់លោក​ ទៅកាន់ទីក្រុង​ឡុងដ៍ ប្រទេសអង់គ្លេស នៅខែកក្កដា​ខាងមុខនេះ។ ប៉ុន្តែ​​កាសែត​អាមេរិក​មួយនេះ បានបញ្ជាក់​ទៀតថា រដ្ឋាភិបាលអង់គ្លេស​កំពុងព្រួយបារម្ភ​ខា្លចក្រែងថា ជំនួបរវាង​លោក ត្រាំ និងលោក ពូទីន អាចនឹង​ធ្វើឱ្យ​ប៉ះពាល់ ដល់ការប្ដេជ្ញាចិត្ត​របស់លោក ត្រាំ ចំពោះ​អង្គការ​ណាតូ ក៏ដូចជាលទ្ធផល​នៃដំណើរទស្សនកិច្ច​ ទៅកាន់ទីក្រុង​ឡុងដ៍​នៅថ្ងៃទី១៣ ខែកក្កដា​ខាងមុខ។

មិនតែប៉ុណ្ណោះ New York Times ផ្អែកលើប្រភពពីមន្ត្រីទូតអឺរ៉ុបក៏បាន​សង្កត់ធ្ងន់​ផងដែរថា បើសិនជាលោក ត្រាំ ជួបជា​មួយលោកពូទីន នៅមុខជំនួបកំពូល NATO នៅថ្ងៃទី១១ ខែកក្កដា ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នោះវានឹងបង្ហាញ ពីផលអវិជ្ជមានកាន់តែខ្លាំងក្នុងទំនាក់ទំនងអាមេរិក-ណាតូ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានប្រាប់អ្នក​សារព័ត៌មាន​លោក អាចនឹងជួបជា​មួយលោក ពូទីន នៅរដូវក្ដៅ​នេះ​បន្ទាប់ពីលោក​បានបង្កភាពក្ដៅ​ក្រហាយ​ ដល់មេដឹកនាំអឺរ៉ុប តាមរយៈការស្នើ​ឱ្យរុស្ស៊ីត្រឡប់​មកចូលរួមជាមួយ​ប្រទេស G7​ វិញ ដែលបានដករុស្ស៊ី​ចេញកាលពី​ឆ្នាំ២០១៤ ដោយសាតែវិបត្តិ​នៅភាគខាងកើត​ប្រទេស​អ៊ុយក្រែន និងតំបន់​គ្រីមៀ៕