(សេអ៊ូល)៖​ ចិនត្រូវ​បានគេ​មើលឃើញថា កំពុងបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង ព្រមទាំងពង្រឹង​ឡើងវិញ​នូវទំនាក់​ទំនងសេដ្ឋកិច្ចទ្វេភាគី រវាងប្រទេស​ទំាងពីរ បន្ទាប់ពីដំណើរ​ទស្សនកិច្ច​របស់ លោក គីម ជុងអ៊ុន មកកាន់ទីក្រុង​ប៉េកាំង​នាពេលថ្មីៗ នេះ ប៉ុន្តែក៏មានការរិះគន់ដែរថា ចិនកំពុង​តែធ្វើផ្ទុយពីអ្វី​ដែលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចង់​បាន។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

ការបន្ធូរបន្ថយ​ទណ្ឌកម្ម អាចនឹងធ្វើឡើង​ជាពិសេសក្នុងវិស័យ​អាកាសចរណ៍ និង​ទេសចរណ៍។ ជាក់ស្ដែង​ប្រព័ន្ធផ្សព្វផ្សាយ​ចិននៅ ថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍​ថា អាជ្ញាធរទីក្រុង ហ្ស៊ីអាន (Xian) នៃខេត្ត សានស៊ី (Shaanxi) ទើបតែសម្រេច​ចិត្តថា នឹងបើកផ្លូវហោះ​ហើរដោយ​ផ្ទាល់ ទៅកាន់ទីក្រុង​ព្យុងយ៉ាង នៅខែកក្កដា​ខាង​មុខនេះ។

បន្ថែម​ពីលើនេះ បើតាមការ​គ្រោងទុកនៅឯ​ពិធីសម្ភោធផ្លូវហោះ​ហើរ ព្យុងយ៉ាង -​ Xian​ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង Air Koryo នឹងហោះហើរ​មកកាន់ទីក្រុង​ចំនួន០៥ របស់ចិន​ក្នុងនោះ​រួមមាន ទីក្រុង Xian, ប៉េកាំង, សេនយ៉ាង (Shenyang), សៀងហៃ (Shanghai) និងក្រុងជឹងទូ (Chengdu)។

គួររលឹកថា ដោយសារតែ​មានសម្ពាធពី​សហរដ្ឋអាមេរិក ទីក្រុងប៉េកាំង បានចូលរួមជាមួយនឹង​អន្តរជាតិក្នុងការ​អនុវត្តទណ្ឌកម្ម UN ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង សម្រាប់ការធ្វើ​តេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លង​ទ្វីបជាបន្តបន្ទាប់ កាលពី​ឆ្នាំ២០១៧។ ប៉ុន្តែការ​សម្រេចចិត្តបន្ធូរ​បន្ថយទណ្ឌកម្មនេះ គឺផ្ទុយពី​អ្វីដែល UN និងសហរដ្ឋអាមេរិក​ត្រូវការ​នោះ គឺគ្មានឡើយការ​បន្ធូរបន្ថយ ឬដក​ទណ្ឌកម្ម រហូតទាល់តែកូរ៉េខាងជើង ​រំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុងជា​មុនសិន៕