(ចិន)៖ ហាងលក់ទំនិញរាយ តាមអនឡាញនៅប្រទេសចិន បានព្យាយាមច្របាច់បញ្ចូលគ្នា នូវការទិញទំនិញតាមអនឡាញ និងតាមហាងដោយផ្ទាល់ ដោយពួកគេបានបើកហាងលក់អាហារស្រស់ៗរៀងៗខ្លួន។ ហាងទាំងនេះ ដើរតួជាហាងលក់គ្រឿងទេសផង ជាភោជនីយដ្ឋានផង និងជាគេទំព័រលក់ទំនិញអនឡាញផង។

ភាគច្រើនហាងទាំងនេះ លក់តែផលិតផលស្រស់ៗដូចជាគ្រឿងសមុទ្រ និងផ្លែឈើប៉ុណ្ណោះ។ បើទោះជាមើលពីសំបកក្រៅទៅ ទីនេះហាក់ដូចជាផ្សារទំនើបទូទៅក៏ដោយ តែទីនេះមិនត្រឹមតែអនុញ្ញាតឱ្យអតិថិជនអាចទិញ និងពិសារអាហារនៅហាងរបស់គេប៉ុណ្ណោះទេ តែថែមផ្តល់សេវាដឹកជញ្ជូន និងសេវាបង់ប្រាក់តាមអនឡាញទៀតផង។

ការប្រកួតក្នុងទីផ្សារដ៏តូចចង្អៀតនេះ មានគូប្រកួតធំៗ ដូចជាផ្សារទំនើប ហេម៉ា របស់ក្រុមហ៊ុនអាលីបាបា និងផ្សារ 7Fresh របស់ក្រុមហ៊ុន JD.com។ ឯគូប្រកួតតូចៗវិញ មានដូចជា ផ្សារ Little Elephant របស់ក្រុមហ៊ុន ម៉ីធាន់ (Meituan)។ ផ្សារ Little Elephant ទើបតែបើកហាងថ្មីមួយ នៅកណ្តាលក្រុងប៉េកាំងតែម្តង។ ភាគច្រើន ហាងនេះមានលក់គ្រឿងសមុទ្រស្រស់ៗ ដោយផ្តល់ជូនកន្លែងពិសារអាហារដែលទូលាយជាង។

អាហារដែលរៀបចំរួចពាក់កណ្តាល ជាច្រើនប្រភេទ ក៏មានលក់សម្រាប់អ្នកធ្វើការដែលនៅក្បែរទីនេះដែរ។

កញ្ញា អ៊ូ គួយឈីន អ្នកគ្រប់គ្រងផ្សារ Little Elephant បាននិយាយថា «ការរៀបចំអាហារ ចំណាយពេលត្រឹមតែ៨នាទី ដោយឆ្លងកាត់៣ដំណាក់កាល។ ហើយវាមានរសជាតិមិនខុស ពីអាហារដែលចម្អិនដោយចុងភៅ តាមភោជនីយដ្ឋាននោះទេ»។

ក្រុមហ៊ុនថ្មីៗដូចជា ម៉ីធាន់ កំពុងធ្វើតេស្តមើលទីផ្សារនៅឡើយ។ ឯគូប្រជែងដែលកំពុងឈរជើងក្នុងទីផ្សារ ដូចជា JD.com វិញ ក៏កំពុងដៅរកការពង្រីកសាខាជាច្រើនកន្លែងផងដែរ។

លោក លាន ជឺជន នាយករងផ្សារ 7Fresh បាននិយាយថា «យើងបានបង្កើតគំរូអាជីវកម្មចំនួនពីរ។ គំរូទីមួយ គឺដាក់គោលដៅទៅលើអគារការិយាល័យ ហើយទី២ គឺផ្តោតលើសហគមន៍។ យើងមានបំណងចង់បើកហាងថ្មីឱ្យបាន៥០កន្លែង ក្នុងឆ្នាំនេះ»

ការវាយលុករបស់ផ្សារលក់ទំនិញរាយ តាមប្រព័ន្ធអេឡិចត្រូនិច ក្នុងទីផ្សារលក់គ្រឿងសមុទ្រ ត្រូវបានគេដាក់ឈ្មោះឱ្យថា យុទ្ធសាស្ត្រ «លក់រាយថ្មី» ដែលមានបំណងច្របាច់បញ្ចូលគ្នា ឱ្យបានកាន់តែប្រសើរ នូវការលក់រាយតាមអនឡាញ និងតាមហាង ដើម្បីផ្តល់រសជាតិថ្មីនៃការទិញទំនិញ។

អ្នកជំនាញមួយចំនួន រំពឹងថាឧស្សាហកម្មនេះ នឹងត្រូវឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅពេលដែលការប្រកួតកាន់តែតឹងតែង។

លោក ជាំង យាវភីង អគ្គនាយករង ក្រុមហ៊ុន ម៉ីធាន់ «បើទោះជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូងក៏ដោយ ក៏ឧស្សាហកម្មនេះ នឹងមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាទ្រង់ទ្រាយធំមួយ នៅ២-៣ឆ្នាំខាងមុខនេះ»៕ (សារព័ត៌មាន CCTV របស់ចិន)