(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយថា កូរ៉េខាងជើងបានប្រគល់អដ្ឋិធាតុទាហានអាមេរិក ២០០ នាក់ ​ដែលស្លាប់​ចោលឆ្អឹង​នៅក្នុងសង្រ្គាម​កូរ៉េ ត្រឡប់មកវិញហើយ បើទោះជាពុំទាន់មានការទទួលស្គាល់ជាផ្លូវការណាមួយពីយោធា អាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីជួបជុំមួយក្នុងទីក្រុង Duluth រដ្ឋ Minnesota នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់​ ត្រាំ បានលើកឡើងដូច្នេះថា៖ «យើងបានទទួលអដ្ឋិធាតុវិរៈបុសរបស់យើងត្រឡប់មកវិញហើយ ដោយអដ្ឋិធាតុទាហានអាមេរិក​២០០នាក់ ត្រូវបានប្រគល់ត្រឡប់ មកវិញនៅថ្ងៃនេះ»

គួរបញ្ជាក់ថា ការអះអាងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើង បន្ទាប់ពីមន្ត្រីអាមេរិកពីររូបបានប្រាប់ Reuters​ ថា​កូរ៉េខាងជើងអាចនឹង ប្រគល់អដ្ឋិធាតុទាហាន​អាមេរិក ទៅឱ្យ​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ​​ប្រចាំនៅប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗមុននឹងអដ្ឋិធាតុ ​ទាំងនេះ​ត្រូវបញ្ជូនបន្ត​ទៅកាន់មូលដ្ឋានទ័ព​អាកាស ហ៊ីកខាំ (Hickam) ក្នុងរដ្ឋហាវ៉ៃ។

ជាមួយគ្នានោះដែរ បើតាមទិន្នន័យ​របស់យោធាអាមេរិក ទាហានអាមេរិក​ច្រើនជាង ៣៦,៥០០នាក់ បានសម្លាប់​នៅក្នុង​សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-​១៩៥៣) រីឯកូរ៉េខាងជើងវិញ​មានអដ្ឋិធាតុកងទ័ពអាមេរិក ២០០នាក់ នៅក្នុងដៃ។ ចំណែកឯ ការប្រគល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​លើកចុងក្រោយ ត្រូវបានធ្វើ​ឡើងកាលពីឆ្នាំ២០០៧ នៅពេលដែល​អភិបាលរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោក ប៊ៀល រីឆាដសុន (Bill Richardson) បំពេញទស្សនកិច្ច​ទៅកាន់ទីក្រុង​ព្យុងយ៉ាង៕