(យូអិន)៖ កៅអីដែលនៅទំនេរក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UNHRC) ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក នឹង​ត្រូវបំពេញដោយប្រទេសជាសមាជិក ដែលមកពី​តំបន់ដូចគ្នា។ នេះបើតាមអ្នកនាំពាក្យរបស់លោក Miroslav Lajcak ប្រធាន​មហា​សន្និ​​បាត​នៃអង្គការសហប្រជាជាតិ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនាំពាក្យខាងលើគឺលោក Brenden Varma បាននិយាយថា សេចក្តីសម្រេចរបស់មហាសន្និបាត ដែលបានបង្កើត​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​កាលពីឆ្នាំ២០០៦ ពុំមានផ្ទុកនូវខ្លឹមសារយោងណាមួយអំពីលទ្ធភាពនៃការដកខ្លួនចេញនៃសមាជិករបស់ក្រុមប្រឹក្សាឡើយ ប៉ុន្តែសេចក្តី​សម្រេចកាលនោះ មានផ្តល់នូវរបាយភូមិសាស្រ្តនៃសមាជិកទាំង៤៧ប្រទេសរបស់ក្រុមប្រឹក្សា។ ដូច្នេះហើយ កៅអីដែលបន្សល់ទុកដោយ​​សហរដ្ឋអាមេរិក នឹងត្រូវបំពេញតាមរយៈការបោះឆ្នោតនៅ​មហាសន្និបាត ដើម្បីជ្រើសរើសបេក្ខភាពមកពី​ក្រុមប្រទេសដូចគ្នា គឺ​ ក្រុម​អឺរ៉ុប​ខាង​លិច​និង​​​​ផ្សេង​​ទៀត​ ដែលគេហៅថា Western European and Others Group។

លោក Varma បានបញ្ជាក់ថា «ដោយសារតែសហរដ្ឋអាមេរិក គឺជាសមាជិកដំបូងបំផុត ដែលដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺ​មិន​​ធ្លាប់មានការអនុវត្តន៍ណាមួយកាលពីមុនមក ស្តីពីនីតិវិធីនៃការដកខ្លួនឬដាក់សមាជិកជំនួសវិញឡើយ ដូច្នេះហើយ យើងកំពុងរិះរកមើល​​ជំហានបន្ទាប់ទៀត ប៉ុន្តែជាជំហានដំបូង មហាសន្និបាត កំពុងនៅរង់ចាំការជូនដំណឹងជាផ្លូវការនៃការដកខ្លួនរបស់អាមេរិក»

គួរជម្រាបថា សមាជិកនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តែងត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់ឆ្នាំ នៅឯមហាសន្និបាត សម្រាប់​​អាណត្តិរយៈពេល៣ឆ្នាំ ដោយឈរលើមូលដ្ឋាននៃក្រុមតំបន់។ សហរដ្ឋអាមេរិក គឺកំពុងតែស្ថិតនៅពាក់កណ្តាលអាណត្តិ​២០១៦-២០១៩ នៅ​ពេលដែលខ្លួនបានប្រកាសដើរចេញ​ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចំនួន១៩២ក្នុងចំណោមសមាជិក UN ទាំង១៩៣ ត្រូវបានបែងចែកពី​ក្រុមតំបន់ចំនួន០៥ រួមមាន៖ ក្រុម​​អាហ្រ្វិក មាន៥៤ប្រទេស, ក្រុមអាស៊ី-ប៉ាស៊ីហ្វិក មាន៥៣ប្រទេស, ក្រុមអឺរ៉ុបខាងកើត មាន២៣ប្រទេស, ក្រុមអាមេរិកឡាទីន​និង​​ការីបៀន មាន​៣៣ប្រទេស, និងចុងក្រោយក្រុមអឺរ៉ុបខាងលិចនិងផ្សេងទៀត មាន២៨ប្រទេស បូក១ប្រទេសទៀត គឺសហរដ្ឋអាមេរិក ដើរតួនាទីជា​រដ្ឋ​សង្កេតការណ៍៕