(វ៉ាស៊ីនតោន)៖ កន្លែងធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីល ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក គីម ជុងអ៊ុន បានប្តេជ្ញាកម្ទេចចោលនោះ គឺជាទីតាំងដ៏​ធំមហិមាមួយ ស្ថិតនៅភាគខាងលិច​ប្រទេសកូរ៉េខាងជើង ដែលកន្លង​មករដ្ឋ​កុម្មុយនិស្តនេះ តែប្រើប្រាស់​ដើម្បីធ្វើតេស្តម៉ាស៊ីនបាញ់​មីស៊ីលរយៈចម្ងាយ​ឆ្ងាយ។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia ដកស្រង់ពី AFP នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពីជំនួប​កំពូលជាមួយ​លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនាថា មេដឹកនាំ​កូរ៉េខាងជើងរូបនេះ បានសន្យា​បិទ​​ទីតាំងធ្វើតេស្ដមីស៊ីល​មួយរបស់​ខ្លួន។ ប៉ុន្តែលោក ត្រាំ មិនបាន​​បញ្ជាក់​ឈ្មោះ​ទីតាំងធ្វើតេស្ដ​មីស៊ីល​នេះឡើយ។ ដោយឡែក នៅថ្ងៃពុធ​សប្ដាហ៍នេះ (ពេលវេលា​នៅអាមេរិក) ទើបមន្ត្រីអាមេរិកម្នាក់ក្នុង​លក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះបាន​បង្ហើប ថា ទីតាំងធ្វើតេស្ដ​មីស៊ីលនេះ​ឈ្មោះ សូហែ (Sohae) ហើយវាត្រូវបាន​ទីក្រុងព្យុងយ៉ាង ប្រើប្រាស់​តេស្តសាកល្បង ម៉ាស៊ីបាញ់​មីស៊ីលរយៈចំងាយ​ឆ្ងាយ ដែលខ្លួន​អះអាងថា អាចបាញ់ដល់​សហរដ្ឋអាមេរិក។

តែទោះជា​យ៉ាងណា មន្ត្រីរូបនេះ​នៅតែមិនទាន់​បញ្ជាក់ពីពេល​វេលាបិទ ទីតាំង​ធ្វើតេស្ដមីស៊ីលនេះ​ពិតប្រាកដ​នៅឡើយ​ទេ។ លើសពី​នេះទៅទៀត កាលពី​សប្ដាហ៍មុន ក្រុមមន្ត្រីអាមេរិក​ក៏បានទម្លាយ​ដែរថា កូរ៉េខាងជើង​​​មានរោងចក្រ​ផលិត​គ្រឿងបរិក្ខា​ពាក់ព័ន្ធនឹង គ្រាប់មីស៊ីល- នុយក្លេអ៊ែរ រហូត​ដល់ទៅ ៣,០០០កន្លែង​​ឯណោះ។ ដូច្នេះ​វាពិតជាពិបាក​ណាស់ ក្នុងការរំសាយ​អាវុធនុយ​ក្លេអ៊ែរឱ្យ​បានលឿន តាមការចង់​បានរបស់​សហរដ្ឋអាមេរិក ដ្បិតបើវា​ជាការពិត នោះការលុប​បំបាត់​​អាវុធ​​នុយក្លេអ៊ែរ​​ទាំងស្រុង​របស់​​កូរ៉េខាងជើង​នឹងត្រូវប្រើពេល​​​វេលាយូរ ព្រមទាំងថវិកា​​​ដ៏ច្រើនសន្ធឹក​សន្ធាប់៕