(ម៉ិចស៊ីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូបានបង្ហាញ​មន្ទិលសង្ស័យ ចំពោះការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក ដែលបាន​ប្រកាសដកខ្លួន​ពី​​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​ នៃអង្គការ​សហប្រជាជាតិ UNHRC ដោយនិយាយថា ការដើរចេញ​ពីស្ថាប័ន​អន្តរជាតិនេះ គឺសហរដ្ឋអាមេរិក​មិនមែន​រួច​ខ្លួន​ពីការទំនួល​ខុសត្រូវក្នុងការ​គោរពប្រតិបត្តិ​សិទ្ធិមនុស្ស​ ទាំងនៅក្នុងប្រទេស​របស់ខ្លួន និងនៅទូទាំង​សកលលោក​នោះ​ឡើយ។ នេះបើតាម​ការ​ដក​ស្រង់​ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

ក្រសួង​ការបរទេសម៉ិចស៊ីកូ​បានលើកឡើងថា ការដកខ្លួនរបស់អាមេរិក​ចេញពី UNHRC មិនអាចលើកលែង​ទីក្រុងវ៉ាស៊ីនតោន ពី​ការ​​បំពេញ​​កាតព្វកិច្ចអន្តរជាតិ​របស់ខ្លួន ទាក់ទិននឹងបញ្ហា​នៃការលើកកម្ពស់​ ព្រមទាំងការពារ​សិទ្ធិមនុស្សដូចប្រទេស​ដទៃៗទៀតនោះ​ឡើយ»។ ​ក្រសួង​បាន​បន្ថែមថា រដ្ឋាភិបាល​ម៉ិចស៊ីកូ មានការសោកស្តាយ​ជាខ្លាំង ចំពោះការសម្រេចចិត្ត​របស់រដ្ឋបាលលោក ដូណាល់ ត្រាំ និង​ជឿជាក់ថា​ ​​​ពហុ​ភាគីនិយម គឺជាផ្លូវដ៏ប្រសើរ​ជាងគេ ដើម្បីដោះស្រាយ​បញ្ហា​ពិភពលោក។

គួរជម្រាបថា លោកស្រី នីកគី ហាឡេយ៍ (Nikki Haley) អគ្គរដ្ឋទូតអាមេរិក​ប្រចាំ UN នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានប្រកាស ដកសហ​រដ្ឋអា​មេ​រិក​ ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយចោទថា ស្ថាប័នមួយនេះ​​មានភាព​លម្អៀង ពុតត្បត់ និងបម្រើតែ​ផល​ប្រយោជន៍​ខ្លួនឯង ព្រម​ទាំង​អនុវត្តន៍​ស្ដង់​ដារ​ពីរ​ប្រឆាំង​​នឹងអ៊ីស្រាអែល៕