(រីយ៉ាដ)៖ សារព័ត៌មាន Gulf News បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីត​មានគំរោង​ជីកព្រែកមួយ ​នៅតាមបណ្ដោយ​ព្រំដែនជាប់​ប្រទេស​កាតា ដើម្បីកាត់ផ្ដាច់​អ្នកក្បែរខាង​របស់ខ្លួនមួយ​នេះ ពីដីគោកឱ្យកា្លយ​ទៅជាកោះ​តែលតោល​មួយ ខណៈទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ នៅតែពុំទាន់​អាចផ្សះផ្សា​បាន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

យោង​តាម Gulf News ថ្ងៃទី២៥ ខែមិថុនា​ខាងមុខនេះ គឺជាថ្ងៃផុតកំណត់​ដេញថ្លៃ​ជីព្រែក Salwa មានប្រវែង ៦០គីឡូម៉ែត្រ។ សារព័ត៌មាន​នេះ​ដដែល ឱ្យដឹងទៀត ក្រុមហ៊ុន​អន្តរជាតិ​ចំនួន ០៥ ជំនាញ​ខាងជីកព្រែក បានដាក់​ពាក្យសុំដេញ​ថ្លៃសាងសង់ព្រែក​នេះ ដែលមានទទឹង ២០០ម៉ែត្រ និងជម្រៅ ២០ម៉ែត្រ ហើយនឹងរត់កាត់​នៅក្នុងទឹកដី​អារ៉ាប៊ីសាអូឌីត ព្រមទាំងមាន​ចំងាយមួយ​គីឡូម៉ែត្រ ពី​ព្រំដែន​ជាប់ជា​មួយកាតា។

ក៏ប៉ុន្តែគួរ​ឱ្យកត់សម្គាល់ ថ្លែង​នៅលើ Twitter នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ទីប្រឹក្សា​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត លោក សូដ អាល់ កាតានី (Saud al-Qahtani) បានអះអាងថា គំរោងជីព្រែក​សាល់វ៉ា (Salwa) នឹងធ្វើឱ្យកាតា​ក្លាយជាកោះមួយ​តែលតោល។ ចំណែកឯ​អ្នកទទួលជ័យ​ជម្នះក្នុងការ ដេញថ្លៃនឹង​ត្រូវប្រកាស​នៅ ៩០ថ្ងៃបន្ទាប់។

គួររំលឹកថា កាលពី​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ អារ៉ាប៊ីសាអូឌីត, បារ៉ែន, អេមីរ៉ាត់ អារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាស​ផ្ដាច់ចំណងការទូតជា​មួយកាតាដោយ​ចោទថា ទីក្រុងដូហា បានផ្ដល់ហិរញ្ញវត្ថុ​ដល់ក្រុមភេរវករ​នៅក្នុងតំបន់ ព្រមទាំងបង្ហាញ​ការគំាទ្រ​ដល់អ៊ីរ៉ង់។ ប្រទេស​អារ៉ាប់ទាំង០៤ បានដាក់​សំណើចំនួន ១៣ ឱ្យកាតាអនុវត្តន៍​តាមដើម្បីផ្សះផ្សា​ឡើងវិញ ប៉ុន្តែកាតា​បានច្រានចោល​រាល់សំណើ ទាំងអស់នេះ​ដោយសំអាង​ថា វារំលោភលើអធិបតេយ្យភាព​របស់​ខ្លួន៕