(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមាន​ការរិះគន់យ៉ាងខ្លាំង​ពីសាធារណៈមតិទាំងជាតិ និងអន្តរជាតិ នៅទីបំផុត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​ចិត្តចុះហត្ថលេខា​លើបទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បីបញ្ចប់​គោលនយោបាយបំបែកបំបាក់​កុមារ ចេញពីឪពុក​ម្ដាយរបស់ពួកគេ​​ដែលត្រួវ បានអាជ្ញាធរអាមេរិក​ចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់​ចូលសហរដ្ឋអាមេរិក​ពីម៉ិចស៊ីកូ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់​នៅក្នុងពិធីចុះហត្ថលេខា​នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា «វាគឺជារក្សាគ្រួសារឱ្យនៅជុំគ្នា​ហើយ ជាការពិតខ្ញុំមិនចង់ឃើញ​គ្រួសារបែកបាក់​គ្នា​នោះទេ។ ប៉ុន្តែយើងនឹង​បន្តគោលនយោបាយ​គ្មានការអត់ធ្មត់ ប្រឆាំងនឹង​ជនទាំងឡាយ ណាដែលឆ្លង​ព្រំដែនដោយ​ខុសច្បាប់​ ចូលមកក្នុង​សហរដ្ឋអាមេរិក»

ទោះបីជាយ៉ាងនេះក្ដី ភ្លាមៗគេមិនទាន់ដឹងច្បាស់ថា បទបញ្ជា​របស់លោក ត្រាំ នឹងត្រូវអនុវត្តន៍​នៅពេលណា​នោះទេ។ ម្យ៉ាងវិញទៀត ការឃុំខ្លួន​កុមារ និងឪពុកម្ដាយ​ជាជនអន្តោប្រវេសន៍​ខុសច្បាប់រួមគ្នា ធ្វើឡើងតែ​ក្នុងករណី​មានការព្រួយបារម្ភ​ ពីសុខាមាលភាព​របស់​កុមារតែប៉ុណ្ណោះ ហើយគេ​ក៏មិនដឹងថា វានឹងមាន​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ៕