(ម៉ិចស៊ីកូ)៖ ម៉ិចស៊ីកូបាន​ចេញមុខថ្កោលទោស​ គោលនយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋអាមេរិក ដែលបំបែកបំបាក់​កុមារចេញពីឪពុក​ម្តាយ​របស់ពួកគេ ដែលលួចឆ្លងដែន​ខុសច្បាប់ថា ជាអំពើឃោរឃៅ និងអមនុស្សធម៌​ជាខ្លាំង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីកិច្ច​ការបរទេស​​ម៉ិចស៊ីកូលោក ល្វីស វីដេហ្គារ៉េយ៍ (Luis Videgaray) បានថ្លែងនៅ​ចំពោះមុខក្រុម​អ្នកសារព័ត៌មានថា «ជួសមុខ​ឲ្យរដ្ឋាភិបាល ​និង​ប្រជាជន​ម៉ិចស៊ីកូ​ទាំងមូល រូបខ្ញុំធ្វើការថ្កោលទោស​ចំពោះគោល​នយោបាយមួយ ដែល​ឃោឃៅ និងអមនុស្សធម៌របស់​អាមេរិក»។ ជាមួយគ្នានេះ លោកប្រមុខ​ការទូតក៏​បានអំពាវនាវ​ឲ្យសហរដ្ឋអាមេរិក ពិចារណា​ឡើងវិញអំពី​គោលនយោបាយ​នេះ ដែលបាន​បង្កឲ្យជនជាតិម៉ិចស៊ីកូ​ និង​ប្រជាជនមកពីតំបន់អាមេរិក​កណ្តាលប្រមាណ ២,០០០គ្រួសារ ហើយព្រាត់ប្រាស់គ្នា ចាប់តាំងពីខែមេសាមក ខណៈវា​កាន់​តែ​តឹង​រ៉ឹង​ថែម​នា​ពេល​ថ្មីៗ​នេះ។

គួរជម្រាបថា បើតាម​លោក Videgaray រដ្ឋាភិបាល​ម៉ិចស៊ីកូ បាននិងកំពុង​ព្យាយាមឲ្យ​សហរដ្ឋអាមេរិក​ គិតគូរឡើងវិញ​ពីគោលនយោបាយ​​នេះ ដោយរួមមាន​ផងដែរ​នូវការពាំនាំ ​លិខិតមួយច្បាប់​ជូនលោក ដូណាល់ ត្រាំ ដែលជាអ្នក​បង្កើតគោល​នយោបាយ​អន្តោប្រវេសន៍ ដែលពុំ​មាន​ការយោគយល់​នេះ រហូតបង្កទៅ​ជាការចាត់វិធានការ​តឹងរ៉ឹង​បំផុត​មិនធ្លាប់មាន ទាក់ទិននឹង​ការបំបែកបំបាក់​កុមារ​ពីឪពុកម្តាយ​របស់ពួក​គេ ហើយដាក់ពួកគេ​ឲ្យស្ថិតនៅ​ក្នុងមន្ទីរឃុំឃាំង​ដាច់ដោយ​ឡែក​ពីគ្នា៕