(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមានបង្កើន​ពន្ធនាំចូល លើ​ផលិតផលចិន​ជាច្រើនទៀតចំនួន ១០ភាគរយ ឬស្មើនឹង​តម្លៃជាទឹកប្រាក់ជាង ២០០ពាន់លានដុល្លារអាមេរិក បើសិនជា​ទីក្រុងប៉េកាំង នៅតែបង្កើន​ពន្ធនាំចូលលើផលិតផល​អាមេរិក។

២៖ កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បានសម្រេច​ចិត្តផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា Ulchi Freedom Guardian (UFG) ដែលគ្រោង​នឹងធ្វើឡើង​នៅ​​ខែសីហាខាងមុខនេះហើយ ក្រោយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានសន្យាថា​នឹងបញ្ឈប់ការ ធ្វើសមយុទ្ធយោធា​​ដែលកន្លង​មក វាគឺជាការសម្ញែងសាច់ដុំដាក់​កូរ៉េខាងជើងនោះ។

៣៖ មេដឹកនាំ​កំពូល​ផុតលេខរបស់​ប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់ទឹកដីនៃប្រទេសចិនហើយ និងកំពុងចាប់ ផ្តើមដំណើរ​បំពេញ​ដំណើរទស្សនកិច្ច​រយៈពេលពីរថ្ងៃនៅទីនេះ ដែលវាគឺជាដំណើរទស្សនកិច្ច​ជាលើកទី៣របស់​លោកក្នុងឆ្នាំ២០១៨ នេះ មកកាន់​ទីក្រុង​ប៉េកាំង ប្រទេសចិន។

៤៖ ​ក្រោយពីបង្ហាញក្តី​បំណងរបស់ខ្លួន​កាលពីប៉ុន្មានខែមុននោះ នាពេលនេះ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសថា លោក​កំពុងតែបោះ​ជំហានទៅមុខ​ ក្នុងការបង្កើត​កងទ័ពអវកាស ដើម្បីធ្វើជា​កងអង្គភាពទី ៦ នៃកងកម្លាំងប្រដាប់​អាវុធរបស់​អាមេរិក​។

៥៖ ភពអង្គារ (Mars) នៅចុង​ខែក្រោយ​នឹងមើលទៅ​ធំ និងបញ្ចេញពន្លឺខ្លាំង​ជាងពេលណាៗ​ទាំងអស់ ក្នុងរយៈពេល ១៥ឆ្នាំកន្លង​ទៅនេះ ហើយពន្លឺរបស់ភពនេះ គឺងាយឲ្យយើងស្វែងរកណាស់ ដោយវាមានពណ៌ក្រូច និងមាន​ស្ថេរភាពពន្លឺ (មិ​នព្រិចៗ​ដូចផ្កាយ)។

៦៖ នាយក​ប្រតិបត្តិ​ (CEO) ក្រុមហ៊ុន​យក្ស​អាមេរិក Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានក្លាយជា​​អ្នកមានជាងគេ បំផុត​​​នៅលើពិភពលោក ជាមួយទ្រព្យ​សម្បត្តិដុល ១៤១.៩ពាន់លានដុល្លារ។