(សាន់ហ្វា្រន់ស៊ីស្កូ)៖ នាយក​ប្រតិបត្តិ​ (CEO) ក្រុមហ៊ុន​យក្ស​អាមេរិក Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានក្លាយជា​​អ្នកមាន​ជាងគេបំផុត​​​នៅលើពិភពលោក ជាមួយទ្រព្យ​សម្បត្តិដុល ១៤១.៩ពាន់លានដុល្លារ។ នេះបើ​តាម​​ទស្សនាវដ្តី Forbes ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ទស្សនាវដ្ដី​អាមេរិក Forbes នៅក្នុងបញ្ជីឈ្មោះសេដ្ឋី​ពាន់លានរបស់ខ្លួន ចេញផ្សាយ​នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់​​ឈ្មោះ Bezos នៅលើគេនៃ​បញ្ជី ដោយទ្រព្យសម្បត្តិ​របស់លោកកើនឡើង​ច្រើនជាង ០៥ពាន់លានដុល្លារ ចាប់តាំង​ពីថ្ងៃទី០១ ខែមិថុនាមក។

ចំណែកឯ លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft បានធ្លាក់មក​នៅចំណាត់ថ្នាក់​លេខ ២ ក្នុងនាមជាអ្នក​មានជាងគេនៅ លើពិភពលោក​ជាមួយទ្រព្យ​សម្បត្តិ ៩២.៩ពាន់លានដុល្លារ ខណៈ​លោក Warren Buffet ដែលជាអ្នកជំនួញដ៏​ជោគជ័យម្នាក់​នៅក្នុងលោក ឈរ​នៅលេខរៀងទី ៣ ដោយ​មានទ្រព្យ ៨២.២ពាន់លានដុល្លារ។

គួរជម្រាបថា បើតាម Forbes ក្រុមហ៊ុន Amazon របស់​លោក Bezos បានឈរនៅ​ចំណាត់ថ្នាក់ទី ៨ នៃបញ្ជីឈ្មោះ​ក្រុមហ៊ុន អាមេរិកធំជាងគេ​បំផុតប្រចាំ​ឆ្នាំ២០១៨ ជាមួយប្រាក់​ចំណូល ១៧៧.៨៧ពាន់​លាន​ដុល្លារ៕