(វ៉ាស៊ីនតោន)៖ ក្រោយពីបង្ហាញក្តី​បំណងរបស់ខ្លួន​កាលពីប៉ុន្មានខែមុននោះ នាពេលនេះ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសថា លោក​កំពុងតែបោះ​ជំហានទៅមុខ​ ក្នុងការបង្កើត​កងទ័ពអវកាស ដើម្បីធ្វើជា​កងអង្គភាពទី ៦ នៃកងកម្លាំងប្រដាប់​អាវុធរបស់​អាមេរិក​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

បើតាម​សេតវិមាន ថ្លែងក្នុងកិច្ចប្រជុំមួយ​របស់ក្រុមប្រឹក្សាអវកាស​ជាតិ​អាមេរិក លោក ត្រាំ ឲ្យអះអាងច្បាស់ៗថា លោកបានបង្គាប់ឲ្យ​ក្រសួង​ការពារជាតិ​​ទាំងមូល​ និង​មន្ទីរ​បញ្ចកោណ (Pentagon) ធ្វើការចាប់​ផ្តើមភ្លាមៗនូវដំណើរការ​ចំបាច់ផ្សេងៗ សម្រាប់ការ​បង្កើតយោធា​ការពារទីអវកាស។

លោក ត្រាំ បាននិយាយថា កងទ័ពថ្មី​នេះ គឺមានលក្ខណៈដាច់​ដោយឡែក ប៉ុន្តែស្មើភាព​ជាមួយកងទ័ពអាកាស​អាមេរិក។ លោក ដូណាល់ ត្រាំ បាន​​សង្កត់ធ្ងន់ថា «វាមិនទាន់គ្រប់គ្រាន់​នោះទេ ដោយត្រឹមតែ​មានវត្តមាន​អាមេរិកនៅ​ទីអវកាស គឺយើងត្រូវមានអំណាចរបស់​អាមេរិក នៅក្នុង​​ទីអវកាស​តែម្តង»

គួរជម្រាបថា អង្គភាពទាំង០៥សព្វថ្ងៃ​នៃកងកម្លាំងប្រដាប់អាវុធ​របស់សហរដ្ឋអាមេរិក រួមមានកងទ័ពជើង​គោក កងម៉ារីន កងទ័ពជើងទឹក កងទ័ពអាកាស និងកងឆ្មាំការពារ​ដែនសមុទ្រ៕