(ញូជឺស៊ី)៖ ប៉ូលិស​អាមេរិក​បានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង ២០នាក់ទៀត រងរបួសនៅក្នុង​ហេតុការណ៍​បាញ់ប្រហារ មួយនៅឯ​មហោស្រពសិល្បៈ​មួយ ក្នុងរដ្ឋញូ​ជឺស៊ី (New Jersey) សហរដ្ឋអាមេរិក នៅព្រឹក​ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ​ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ បើតាម​សារព័ត៌មាន Los Angeles Times ហេតុការណ៍​​បាញ់ប្រហារនេះ​ កើតឡើង​នៅម៉ោង​ ៣៖០០នាទីព្រឹក នៅឯសាល មហោស្រព​សិល្បៈ Art All Night Festival ស្ថិតក្នុង​ទីក្រុង​ទ្រែនតុន (Trenton) នៃរដ្ឋញូជឺស៊ី។ សារព័ត៌មាន​នេះដដែលបាន​ឱ្យដឹង​ទៀតថា មនុស្ស​ជាច្រើននាក់​ត្រូវបញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ខណៈបុរស​ជាជនសង្ស័យ​ម្នាក់អាយុ ៣៣ឆ្នាំ ត្រូវបានបាញ់សម្លាប់ និងជន សង្ស័យ​នាក់ផ្សេងទៀត​ត្រូវចាប់​ខ្លួន។

គួរបញ្ជាក់ថា បើតាមប៉ូលិស​អាមេរិក មនុស្សច្រើន​ជាង ១,០០០នាក់ ត្រូវគេ​ជឿជាក់ថា ស្ថិតនៅក្នុង​សាលមហោស្រព ពេលការបាញ់​ប្រហារផ្ទុះឡើង។ ប៉ុន្តែមិនទាន់​មានការបញ្ជាក់​ពីមូលហេតុ នៃការបាញ់ប្រហារ​នេះនៅឡើយទេ ហើយអាជ្ញាធរ​កំពុងបើក​ការស៊ើប​អង្កេតថា តើជសង្ស័យត្រូវបាន​ប៉ូលិសបាញ់​សម្លាប់ ឬជនសង្ស័យ​ដទៃជាអ្នក​បាញ់​សម្លាប់៕