(ម៉ូស្គូ)៖​ ក្រុមការពារតំណែងជើងឯក​អាល្លឺម៉ង់​ និងត្រូវប៉ះគូប្រជែងចាស់​មិចស៊ិក​ នាម៉ោង​ ១០យប់នេះនៅ​ World Cup 2018 ក្នុងប្រទេសរុស្ស៊ី​ វគ្គសន្សំពិន្ទុនៃពូល​ F ដែលត្រូវបានអ្នកគាំទ្រការប្រកួតបាល់ទាត់ពិភពលោកចាត់ទុកជាគូពិសេស និងជក់ចិត្តសម្រាប់រាត្រីនេះ។

អាល្លឺម៉ង់ ក្រុមលេខ១ ប្រចាំទ្វីបអឺរ៉ុប​ និងកំពុងឈរនៅកំពូលតារាង​ FIFA Ranking ផងនោះ​ ធ្លាប់ជួបមិចស៊ិក​ ២ដងនាពេលកន្លងមក​ ដោយឈ្នះ​ ២-១​ កាលពី​ World Cup 1998 នៅបារាំង​ និងបំបាក់​ ៤-១​ ក្នុងពានអន្តរទ្វីប​ FIFA Confederations Cup ដែលទើបបញ្ចប់ទៅថ្មីៗនៅប្រទេសរុស្ស៊ី​ នាឆ្នាំ២០១៧។

កីឡាករសំខាន់របស់អាល្លឺម៉ង់រួមមាន​ អ្នកចាំទី​ Manuel Neuer ម្ចាស់ស្រោមដៃមាស​ World Cup 2014, Thomas Muller, Toni Kroos, Mesut Ozil ជាមួយនឹងរបាំងការពារដ៏រឹងមាំ​ Jerome Botoang និង​ Mats Hummels។

ចំណែកកម្លាំងរបស់ក្រុមមកពីតំបន់អាមេរិកខាងជើង​ មិចស៊ិកវិញមាន​ Javier Hernandez, Carlos Vela, Hector Herrera និងអ្នកចាំទី​ Guilermo Ochoa៕