(អង់ការ៉ា)៖ ប្រធានាធិបតី​តួកគីលោក រ៉េសិប តាយយីប អឺដូហ្គាន់ បាននិយាយថា រដ្ឋាភិបាល​ទីក្រុងអង់ការ៉ា នឹងប្រសើរប្រព័ន្ធ​មីស៊ីលការពារ​ដែនអាកាស S-400 ដែលទិញពី​ប្រទេស​រុស្ស៊ី ប្រសិនបើវា​ចាំបាច់ ហើយក៏មិនមែន​ទិញវាដើម្បី​តែទុកចោល​នៅក្នុងឃ្លាំង​សព្វាវុធនោះដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ TGRT នៃប្រទេស​តួកគី លោក អឺដូហ្គាន់ បានបញ្ជាក់​ច្បាស់ៗយ៉ាង​ដូច្នេះថា «យើងបានទិញ​ពួកវាទាំងនោះ (ប្រព័ន្ធ S-400) មិនមែន​ដើម្បី​តម្កល់ទុកក្នុង​ឃ្លាំងនោះទេ។ ពួកវានឹង​ត្រូវយកទៅ​ប្រើប្រាស់ នៅពេលវេលា​ណាមួយ​ដែលចាំបាច់។ តើយើងត្រូវ​ធ្វើដូចម្តេចទៅ​ចំពោះអាវុធប្រភេទ​នេះ បើយើង​ទិញពួកវា​មកហើយ​ បែរជាមិនយកទៅប្រើប្រាស់នោះ?»។

គួរបញ្ជាក់ថា កាលពី​ខែធ្នូ ឆ្នាំ២០១៧ ប្រទេសតួកគី និងរុស្ស៊ី​បានចុះកិច្ច​ព្រមព្រៀង​ទិញលក់ ផលិតផលប្រព័ន្ធ​ការពារដែន​អាកាស S-400 ដោយក្នុង​នោះ​ប្រព័ន្ធផ្ទុក​ថាមពលពីរ​គ្រឿងរបស់ S-400 នឹងត្រូវដាក់​ឲ្យដំណើរការ ដោយ​យោធាតួកគី។ បន្ថែមពីនេះ​កាលពីខែមេសា​កន្លងទៅ រោងចក្រផលិត​​សព្វាវុធ​រុស្ស៊ី​បាន​ផ្តល់​ដំណឹង​ឲ្យទីក្រុងអង់ការ៉ាដឹងថា ខ្លួនបានចាប់​ផ្តើមផលិត S-400 សម្រាប់​តួកគី​ហើយ។

សម្រាប់​គំរោងទិញ S-400 ខាងលើនេះ បានធ្វើឲ្យតួកគី​មើលមុខកាន់​តែលែងត្រង់ ជាមួយនឹង​សហរដ្ឋអាមេរិក ខណៈអាមេរិក​ក៏ធ្លាប់បានព្រមានញយ​ដងមកហើយដែរថា នឹងដាក់ទណ្ឌកម្ម​ប្រទេសមួយ​ចំនួន ដែលហ៊ាន​ទិញប្រព័ន្ធ S-400 ពីរុស្ស៊ី ក្នុងនោះ​ប្រទេស​ឥណ្ឌា តួកគី និងកាតា កំពុងស្ថិត​នៅក្នុង​មុខសញ្ញាមុនគេ ខណៈប្រទេស​ទាំងបីនេះ កំពុងដំណើរ​​រកទិញ S-400 ពីរុស្ស៊ី៕