(អង់ការ៉ា)៖ ​រដ្ឋមន្រ្តីការពារជាតិ​តួកគី លោក នួរ៉េតទីន ខេនីគ្លី (Nurettin Canikli) បានឲ្យដឹងថា កងទ័ពតួកគី​នឹងបន្តស្ថិតនៅតំបន់​ភាគខាងជើង​​អ៊ីរ៉ាក់ រហូត​ទាល់​តែក្រុម​ភេរវករ​ត្រូវបានបោស​សម្អាតទាំងស្រុង ចេញពី​តំបន់នោះ។ នេះបើ​តាមការដកស្រង់​ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងអំឡុង​ការផ្តល់បទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​ព័ត៌មានរដ្ឋតួកគី អាណាឌូលូ (Anadolu) លោក Nurettin Canikli បាន​និយាយថា យោធាតួកគី​បានឈាន​​ដល់ដំណាក់​កាលថ្មីមួយ​ទៀត នៅក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម​ នៅក្នុងតំបន់។ លោក Canikli ក៏បានបញ្ជាក់បន្ថែមទៀត​ផងដែរថា ប្រតិបត្តិ​ការ​យោធាដែលកំពុងបន្តប្រព្រឹត្តទៅនេះ ដោយមាន​គោលដៅលើ​កងកម្លាំង​ឃើដ PKK នោះ គឺស្ថិតក្រោមការ​សម្របសម្រួល​ជាមួយ​ទីក្រុង​បាកដាដ និងតេហេរ៉ង់។ លោក Canikli បានសង្គត់ធ្ងន់ថា ប្រតិបត្តិការយោធានេះ មានការព្រមព្រៀងពេញលេញពីរដ្ឋាភិបាលអ៊ីរ៉ាក់។

គួរជម្រាបថា ក្រោយការបើក​ប្រតិបត្តិការ​យោធា Olive Branch នៅស៊ីរី កងទ័ព​តួកគី បច្ចុប្បន្នកំពុង​បន្តយុទ្ធនាការ​របស់ខ្លួន ប្រឆាំងនឹង​​​បណ្តាញ​ក្រុម PKK នៅភាគខាងជើង​ប្រទេសអ៊ីរ៉ាក់​ថែមទៀត ដោយក្រុមនេះ​ត្រូវបានចាត់ចូល​ក្នុងបញ្ជី​ក្រុមភេរវករ ដោយទីក្រុង​​អង់ការ៉ា៕