(តូក្យូ)៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅថ្ងៃពុធនេះ​បាននិយាយថា ទីក្រុងតូក្យូអាចនឹង​ជួយចេញថ្លៃ​ចំណាយខ្លះ លើដំណើរការ​រំសាយអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង នៅបន្ទាប់ពី​ទីភ្នាក់ងារឃ្លាំ​ថាមពល​អាតូមិចអន្តរជាតិ (IAEA) ចាប់ផ្ដើមធ្វើអធិការកិច្ច​ឡើងវិញជាមុនសិន​ប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ការសម្គាល់បែបនេះ​របស់លោក Suga បានធ្វើឡើងមួយថ្ងៃ​ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ជប៉ុន និងកូរ៉េខាងត្បូង​មានសមត្ថភាព​ជួយចេញ​ថ្លៃលើ ការរំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង ដែលក្រុមអ្នក​ជំនាញខ្លះប៉ាន់​ប្រមាណថា អាចនឹងត្រូវ​ចំណាយប្រាក់​ដល់ទៅ ២០ពាន់​លាន​ដុល្លារអាមេរិកឯណោះ។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទ​ព័ត៌មានកាល​ពីថ្ងៃអង្គារ បន្ទាប់ពីជំនួប​ជាមួយលោក គីម ជុងអ៊ុន នៅ​សិង្ហបុរី លោក ដូណាល់ ត្រាំ បាន​និយាយ​ថា សហរដ្ឋអាមេរិក នឹងមិនជួយ​ចេញថ្លៃលុបបំបាត់​អាវុធនុយក្លេអ៊ែរ ​របស់ទីក្រុងព្យុងយ៉ាង​នោះ​ទេ។ ប៉ុន្តែ កូរ៉េខាងត្បូង និងជប៉ុន​មានសមត្ថភាព​​ផ្ដល់ជំនួយ​​ហិរញ្ញវត្ថុ។ លើសពីនេះ​ទៅទៀត លោក ត្រាំ និង លោក គីម ក៏បានសន្យា​ដែរថា នឹងធ្វើ​ការងារ​រួមគ្នាដើម្បី​លុបបំបាត់អាវុធ​នុយក្លេអ៊ែរទាំងស្រុង​ នៅលើ​ឧបទ្វីបកូរ៉េ ជាមួយការ​ធានាសន្ដិសុខ​ពី​សហរដ្ឋអាមេរិក៕